ព័ត៌មានជាតិ

ក្រុមហ៊ុន Excellent Associates ស្វែងរកឱកាសវិនិយោគ សួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម នៅកម្ពុជា​

ភ្នំពេញ ៖ លោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញពីចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​នការវិនិយោគ សួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករ ទៅកាន់ទីផ្សារសំខាន់ៗមួយ ។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគ របស់ប្រធានក្រុមហ៊ុន Excellent Associates Group Limited ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។

ក្នុងជំនួបខាងលើនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតី អំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​នការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗ​ មួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត​ ព្រោះតែអង្ករកម្ពុជា មានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញក្តីសោមនស្ស ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរក ឱកាសវិនិយោគនៅកម្ពុជា ។

សម្តេចធិបតី​ បានបញ្ជាក់អំពីការដាក់ចេញ នូវគោលនយោបាយ​ និង​ វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ ដល់ការរៀបចំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស។​

ពាក់ព័ន្ធនឹង​វិស័យកសិ -ឧស្សាហកម្ម​ សម្តេចធិបតី បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិចារណាការវិនិយោគ លើទំនិញកសិ -ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការ ក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមីជាដើម ៕

To Top