ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន World Citi Group ក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា ខណៈសម្តេចគូសបញ្ជាក់អំពីអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជា នឹងមានតម្រូវការខ្ពស់ ចំពោះអ្នកជំនាញ ការផ្នែកសុខាភិបាលនេះ ។

ការវាយតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងអំឡុងពេលសម្តេចធិបតី អនុញ្ញាតឱ្យលោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន World Citi Group បានជម្រាបជូនសម្ដេចធិបតី អំពីការស្វែងរកកិច្ចសហការ ជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង ក្រុមហ៊ុនបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្ម នៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។

លោកបណ្ឌិត Raymond Patrick V. Guico ក៏បានបង្ហាញអំពីចក្ខុវិស័យ នៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល នៅកម្រិតឧត្តមសិក្សា ឱ្យមានភាពរីកចម្រើន និងឈានមុខគេ នៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ, ការចាប់ដៃគូ ជាមួយនឹងវិនិយោគិនកម្ពុជា គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។

លោកប្រធានក្រុមហ៊ុន ជឿជាក់ថា តាមរយៈការគាំទ្រ របស់សម្ដេចបវរធិបតី និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួល បានជោគជ័យ នៅកម្ពុជា។ បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាន នូវដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួម វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាល នៃធុរជនស្ត្រីរបស់ហ្វីលីពីន នាខែមករាកន្លងទៅ នៅរាជធានីភ្នំពេញ ។

ក្នុងនោះលោកលោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវគម្រោង នៃការធ្វើទស្សនកិច្ច របស់ប្រតិភូក្រុមហ៊ុន នៅកម្ពុជាសាជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរ ចំពោះការចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុន World Citi Group និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៃប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ នៃការបើកវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។

សម្ដេចធិបតី បានគូសបញ្ជាក់អំពីអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជា នឹងមានតម្រូវការខ្ពស់ ចំពោះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។ ដោយសារវិស័យសុខាភិបាល ស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត។
សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃកំណត់គុណភាព និងស្តង់ដារអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយ នឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង សុខាភិបាល ដែលមានសមត្ថកិច្ច ក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនេះ ៕
