ព័ត៌មានជាតិ

លោក ស្រ៊ាង ចិន្តា ៖ ការចោទប្រកាន់ របស់អង្គការសង្គមស៊ីវិល លើអាជ្ញាធរមូលដ្ឋាន ជារឿងមិនពិត និងគ្មានហេតុផល

ភ្នំពេញ ៖ អ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានលើកឡើងថា ការចោទប្រកាន់ របស់អង្គការអាដហុក ទៅលើអាជ្ញាធរ នៅតាមមូលដ្ឋាន បានគៀប សង្កត់សិទ្ធិសេរីភាពបញ្ចេញមតិជាង៩០% នៅពេលបើកការជួបជុំ ជាមួយប្រជាពលរដ្ឋម្តងៗនោះ ជារឿងមិនពិត ដែលមិនបានឆ្លុះបញ្ចាំង ពីការនៅក្នុងសង្គមជាតិ ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីអង្គការអាដហុក កាលពីថ្ងៃ១០ កុម្ភៈ បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤មានជាង៩០% ដែលអាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅ ចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជាការរំលោភ ច្បាប់ជាតិ-ច្បាប់អន្តរជាតិមានជាធរមាន តាមរយៈការសួរនាំរក លិខិតអនុញ្ញាត ថតរូប រកលេខទូរស័ព្ទអ្នកចូលរួមជាដើម ។

លោក ស្រ៊ាង ចិន្តា តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានមានប្រសាសន៍ថា អ្វីដែលជាការលើកឡើង ពីសំណាក់អង្គការនេះ គឺជារឿងមិនពិតនោះទេ ព្រោះជាធម្មតានៅពេលមានការ ជួបប្រជុំជាសាធារណៈ របស់អ្នកណាក៏ដោយ ក្នុងនាមជាអាជ្ញាធរនៅតាមមូលដ្ឋាន តែងតែសួរនាំជារឿងធម្មតានោះទេ ដើម្បីចង់ដឹង និងការពារសុវត្ថិភាព គ្មានអ្វីចំឡែកឡើយ ។ ប៉ុន្តែលោកថា រាល់ពេលដែលអាជ្ញាធរទៅសួរនាំ ឃ្លាំមើល ឬទៅសួររករបាយការណ៍អ្វីជាដើមនោះ បែរជាអាដហុកចោទថា ជាការរិតត្បិតសិទ្ធិសេរីភាពទៅវិញ ។

លោកគូសបញ្ជាក់ដែរថា “ប៉ុន្តែយើងក៏គួរតែយល់ផងដែរថា អាជ្ញាធរមូលដ្ឋាន គឺលោកមានការទទួលខុសត្រូវណាស់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជាដើម ។ បើយើងគិតថា យើងជាអង្គការសង្គមស៊ីវិល យើងត្រូវធ្វើអ្វីមួយនៅក្នុងមូលដ្ឋាន របស់ពួកគាត់ដោយ មិនឲ្យពួកគាត់បានដឹង អានោះក៏ជាការមិនសមស្របដែរ។ ម្យ៉ាងទៀត ក្នុងនាមជាអង្គការ សង្គមស៊ីវិល យើងត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់ ពាក់ព័ន្ធជាធរមាន ក៏ដូចជាលក្ខខណ្ឌកន្តិៈ ដែលខ្លួនបានដាក់តម្កល់ នៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធ” ។

លោក ស្រ៊ាង ចិន្តាបន្ថែមថា ដូច្នេះហើយ ការរាយការណ៍ ឬក៏ការសហការជាមួយអាជ្ញាធរ គឺជារឿងមួយសំខាន់ ព្រោះបើសិនមានឧបទ្ទវហេតុអ្វីកើតឡើង អ្នកដែលទទួលខុសត្រូវ គឺអាជ្ញាធរ ។ លោកក៏បានស្នើថា រាល់ការប្រើប្រាស់ សិទ្ធិបញ្ចេញមតិ របស់ខ្លួន ត្រូវតែស្ថិតនៅក្នុងព្រំដែន នៃច្បាប់បានកំណត់ ធ្វើយ៉ាងណាជៀសវាង ដល់ការប៉ះពាល់ ដល់សន្តិសុខជាតិ ។

ជាមួយគ្នានេះដែរ លោកក៏សំណូមពរ ដល់ក្រុមអង្គការសង្គមស៊ីវិល មុនចេញរបាយការណ៍ណាមួយ មិនគូរច្បិតឬយោង តែជ្រុងតូចណាមួយ មកធ្វើសេចក្តីសន្តិដ្ឋាន ដែលមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមជាតិ៕

To Top