ព័ត៌មានជាតិ

តុលាការនឹងស្រាវជ្រាវ លើពាក្យចចាមអារាម “ដោះលែងអ្នកផលិតកាំបិត ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់៥.៥០០ដុល្លារ”

ភ្នំពេញ ៖ អយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា “ដោះលែងអ្នកផលិតកាំបិត ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារ” ។

នៅថ្ងៃទី១២ កុម្ភៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងជាហូរហែរអំពីប្រធានបទ “ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារ” ដែលភាគច្រើនមានការបញ្ចេញមតិសម្តែង ការមិនពេញចិត្តចំពោះករណីនេះ។

ដោយសារឃើញបែបនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃ១២ កុម្ភៈ ដដែលបានរៀបរាប់ថា កាលពីថ្ងៃទី៧ កុម្ភៈ អយ្យការអមសាលាដំបូង ខេត្តបានទទួលសំណុំរឿង ពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ កាលពីថ្ងៃ៦ កុម្ភៈ កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន២នាក់៖ ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជា មេជាង , ២.ឈ្មោះ អិន ប្រុសខូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ដាវវែង ចំនួន៣ដើម, ដាវខ្លីចំនួន៦ដើម, កាំបិតផ្គាក់ដងវែងចំនួន៣ដើម, កាំបិតផ្គាក់ដងខ្លី ចំនួន១ដើម , កាំបិតខ្វែវ ចំនួន២ដើម , កាំបិតប៉័ងតោ ចំនួន៣ដើម , កាំបិតស្នៀតចំនួន៧ដើម, ពូថៅចំនួន២ដើម , ស្រោមដាវ ធ្វើពីឈើចំនួន៤ , ស្រោមកាំបិតប៉័ងតោធ្វើពីឈើចំនួន១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥។

ក្រោយពីតំណាងអយ្យការធ្វើការសាកសួរ ទៅលើជនសង្ស័យទាំងពីរនាក់នេះរួចមក បានសម្រេច ឱ្យត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តី ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាបណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការ កំពុងស៊ើបអង្កេតបន្ត ៕

To Top