ព័ត៌មានជាតិ

ឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យកើតឡើងជាង ១ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៤នាក់ និងរងរបួស ៤៣នាក់

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យកើតចំនួន១.០៣៥លើក បណ្ដាលឱ្យឆេះផ្ទះ៦៤៨ខ្នង តូបលក់ដូរ៦៥៥តូប និងមានមនុស្សស្លាប់១៤នាក់ រងរបួស៤៣នាក់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំនួននេះបានកើនឡើងច្រើនធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែអត្រាអ្នកស្លាប់ក្នុងហេតុការណ៍សរុបបានថយចុះគួរឱ្យកត់សម្គាល់។

បើធៀបឆ្នាំ២០២៣ លោកបណ្ឌិត រម្លឹកថា មានគ្រោះអគ្គិភ័យសរុប៧៦៦លើក កើន២៦៩លើក ប៉ុន្តែអ្នកស្លាប់មានទៅ៥៤នាក់ និងអ្នករបួស៩៦នាក់។

ក្នុងឆ្នាំកន្លងទៅនេះដែរ អ្នកនាំពាក្យ បានសរុបបន្ថែមថា សមត្ថកិច្ច បានចេញអន្តរាគមន៍ ទប់ស្កាត់មិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៧២៦លើក។ ចំណែកករណី៣០៩លើកទៀត ត្រូវអាជ្ញាធរមូលដ្ឋាន ក្រុមបង្ការ និងពន្លត់អគ្គិភ័យ សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់បានទាន់ពេលវេលា។ ត្រង់ចំណុចនេះ ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះការបំពេញភារកិច្ចប្រកបដោយឆន្ទៈលះបង់ខ្ពស់របស់អាជ្ញាធរ និងកម្លាំងគ្រប់ប្រភេទ រួមទាំងការចូលរួមសហការយ៉ាងល្អរបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រសួងមហាផ្ទៃជាសេនាធិការ ដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី បានបង្កើនការយកចិត្តទុកខ្ពស់ណាស់ចំពោះការពង្រឹងសមត្ថភាពបង្ការ និងសង្គ្រោះ ដោយបានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីទំនើបៗ និងបានពង្រឹងការហ្វឹកហាត់ជំនាញដល់កម្លាំងពន្លត់ជាប្រចាំ ខណៈរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក៏បានប្រគល់រថយន្តពន្លត់អគ្គិភ័យឱ្យគ្រប់បណ្ដាក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសផងដែរ។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្វឹកជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងចេញវិញ្ញាបនបត្របញ្ជាក់ដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចសរុបចំនួន៤.០៩៧នាក់ ស្មើនឹង ២៥៧ក្រុម លើ១០៧គោលដៅ និងបានចុះពិនិត្យ និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រព័ន្ធបង្ការ ពន្លត់ អគ្គិភ័យចំនួន១១៣គោលដៅ ព្រមទាំងបានចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការបង្ការ និងពន្លត់អគ្គិភ័យចំនួន ២.៤០៨គោលដៅទូទាំងប្រទេស។

សូមបញ្ជាក់ក្នុងពេលថ្មីៗនេះ ពោលគឺនាដើមឆ្នាំ២០២៥នេះតែម្ដង មានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងជាបន្តបន្ទាប់ ដូចជាករណីឆេះផ្ទះ ឆេះឃ្លាំង ឆេះក្លឹបកំសាន្ត ឆេះរោងចក្រ ឃ្លាំងសាំង ឆេះព្រៃ។ គ្រោះនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសមួយចំនួនរួចទៅហើយ៕

To Top