ព័ត៌មានជាតិ

ក្រសួងការងារ បញ្ជូនរថយន្តការងារចល័តរបស់ NEA ដើម្បីផ្តល់ការងារថ្មី ជូនកម្មករនិយោជិត នៅមុខរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយពេលកើតមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ បានបញ្ជូនក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ទៅកាន់មុខរោងចក្រភ្លាមៗ ដើម្បីផ្ដល់ព័ត៌មានការងារថ្មីថ្មី ជូនដល់កម្មករនិយោជិត។

លោកស្រី គល់ វណ្ណនីន ជាកម្មការិនីនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូអិលធីឌី បានសំដែងក្ដីសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ឆាបឆេះមួយនេះ។ ទន្ទឹមនេះដែរ លោកស្រី បានចូលរួមចុះឈ្មោះដាក់ពាក្យស្វែងរកការងារធ្វើនៅកន្លែងថ្មីភ្លាមៗផងដែរ តាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ NEA និង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារដែលជួយយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ ។

ទន្ទឹមនេះ លោក ជិន ខិ ជាអនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា ជាការឆ្លើយតបស្ថានភាពចំពោះមុខ និងដើម្បីជួយសម្រួលបញ្ហាប្រឈមភ្លាមៗរបស់បងប្អូនកម្មករនិយោជិត ស្របតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីតាំងរោងចក្រកើតហេតុផ្ទាល់ មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) គឺរង់ចាំជួយសម្រួលដល់ការចុះឈ្មោះ ស្វែង រកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង ពោលគឺចាប់ពីម៉ោង៨ ព្រឹករហូតដល់ ម៉ោង៥ល្ងាច ។ បន្ថែមពីនេះទៀត លោកបានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់នៃរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ប្រញ៉ាប់ចុះឈ្មោះស្វែងរកការងារធ្វើកន្លែងថ្មី តាមរយៈមជ្ឈមណ្ឌល ការងារចល័តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំ ចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូន បងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។

គួរបញ្ជាក់ថា កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទីល្ងាច មានករណីអគ្គិភ័យឆាបឆេះ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។

ក្រោយឧបទ្ទវហេតុអគ្គីភ័យឆាបឆេះនេះកើតឡើង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព នៅរោងចក្រផ្ទាល់ ដោយឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត នៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលអាចត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូនកម្មករនិយោជិតស្វែងរកការងារថ្មី តាមរយៈ មជ្ឈមណ្ឌលការងារចល័តរបស់ NEA ដោយមានក្រុមកាងាររង់ចាំចុះឈ្មោះជួយស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ៕

To Top