ភ្នំពេញ៖ បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះ ក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃ ពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥នាក់ បញ្ជូនទៅតុលាការ ។
ការឃាត់ខ្លួន បុគ្គល៥នាក់ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ទទួលព័ត៌មានពីប្រជាពលរដ្ឋ កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំ ធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះ ដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានមនុស្សចំនួន ៥នាក់ ជាបន្តបន្ទាប់ រួមមាន ៖ ១.ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ, ២.ឈ្មោះ ពិន សារុំ ភេទប្រុស អាយុ ៥១ឆ្នាំ, ៣.ឈ្មោះ ប៉ាក សុភាព ភេទប្រុស អាយុ ៤៦ឆ្នាំ, ៤.ឈ្មោះ គាន សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ, ៥.ឈ្មោះ ខៀវ ហុន ភេទប្រុស អាយុ៤៩ឆ្នាំ បុគ្គលទាំង៥នាក់នេះ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរ ពីដំណើររឿង និងចាត់ការតាមនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួន ស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក ៥ក្បាល ពស់វែក ១ក្បាល និងពស់ចាន់ល្មម ២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន ៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារអាមេរិក ជាថ្នូរឱ្យស្ត្រីម្នាក់នោះរួចខ្លួន ត្រឡប់ទៅលំនៅដ្ឋានវិញប្រាកដមែន ហើយប្រាក់ចំនួន ៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នា បានម្នាក់ជាង ២០ម៉ឺនរៀល រីឯសាច់សត្វដែលពួកខ្លួនបានចាប់នោះ ពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ។ កន្លងមកមានករណីបទល្មើសកើតឡើង ពួកខ្លួនតែងតែទទួលយកលុយពីពួកឈ្មួញ ដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ។
ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
![](https://dap-news.com/wp-content/uploads/2025/02/IMG_3811-1024x698.jpeg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3808-1024x694.jpeg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3810-1024x680.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)