ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ បណ្តុះបណ្តាល បានដាក់ចេញ នូវទិសដៅការងារ ឆ្នាំ២០២៥ ចំនួន ៤ចំនុច

ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ បណ្តុះបណ្តាល ដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងវត្តមាន របស់តំណាង ក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយក នៃវិទ្យាស្ថានបណ្តុះ បណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីព ផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលរៀបចំឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ ក្នុងគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃ ផ្អែកលើសមត្ថភាពទទួល ស្គាល់ការសិក្សា ដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) និងពិភាក្សាពីយន្តការ ពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។

លោក​ ហេង សួរ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ដោយទី១. បន្តកែសម្រួលសមាសភាពគណៈកម្មការចំណុះ និងលេខាធិការដ្ឋាន, ទី២. ជំរុញឱ្យមានផែនការប្រតិបត្តិ និងផែនការថវិកាសម្រាប់ដំណើរការ និងរបបប្រជុំជាក់លាក់ទាំងគណៈកម្មាធិការជាតិ គណៈកម្មការចំណុះ និងលេខាធិការដ្ឋាន និងមានការគាំទ្រថវិកាសម្រាប់ដំណើរការ, ទី៣. បន្តរៀបចំប្រជុំពិនិត្យ និងអនុម័តឯកសារគតិយុត្តតាមការស្នើសុំរបស់គណៈកម្មការចំណុះ, និងទី៤. បន្តចូលរួមផ្តល់ធាតុចូល និងពិនិត្យសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិ អ.ប.វ. ឆ្នាំ២០២៥-២០២៧។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមិនមានដល់កម្រិត ឧត្តមសិក្សា(PhD) នោះទេ ពីព្រោះការបណ្តុះបណ្តាលជំនាញ បច្ចេកទេសគឺសំដៅលើការបណ្តុះបណ្តាលរយៈពេលខ្លី ជាស្ពានចម្លងពលរដ្ឋទៅរកពិភពការងារលឿន បន្ទាប់ពីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានជំរុញដល់គណៈកម្មាធិការជាតិបណ្តុះបណ្តាល សូមបន្តបេសកកម្មបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិ៕

To Top