ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផល ដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីននៅសេសសល់មានទំហំធំ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផល ដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីននៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ទាមទារឱ្យបន្តបង្កើន កិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ក្រោមការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ និងមានអ្នកចូលរួមមកពីតំណាងក្រសួង-ស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តិទៅ ក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការតាក់តែង គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលនឹងក្លាយជាត្រីវិស័យដ៏សំខាន់ នាំឆ្ពោះទៅសម្រេចបានចក្ខុវិស័យវែងឆ្ងាយគឺ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា «ថ្វីបើសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ ផ្ទៃដីមានមីនដែលនៅសេសសល់ នៅមានទំហំធំ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យយើង បន្តបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន បង្កើនកិច្ចសហការខ្ពស់ និងកៀរគរធនធានបន្ថែម»។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ឆ្នាំ២០២៥នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥ ក៏ប៉ុន្តែ សកម្មភាពមីននៅកម្ពុជា នឹងមិនទាន់បញ្ចប់ត្រឹមនេះ នៅឡើយទេ ។ ផ្ទុយមកវិញ យើងបានពង្រីកមហិច្ឆតារបស់យើង ដោយទិសដៅបន្ទាប់ សម្រាប់ក្រោយឆ្នាំ២០២៥ យើងនឹងប្រែក្លាយពីផែនការយុទ្ធសាស្ត្រជាតិ ទៅជាគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ កម្ពុជាមួយគ្មានផល ប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាងនេះទៅទៀត គោលនយោបាយជាតិសកម្មភាពមីន នឹងរួមបញ្ចូលគ្នាទាំងគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងឯកសារតែមួយ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យ សម្រាប់សកម្មភាពមីននៅកម្ពុជា ហើយភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ ជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតយកឱកាសនោះ តាងនាមសហគមន៍សកម្មភាពមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយ សម្តេច បានប្តេជ្ញាបន្តរក្សា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន គឺរក្សាសុខសន្តិភាព ស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ច និងប្រឆាំងដាច់ខាតមិនឱ្យកម្ពុជាបែកបាក់ដូចអតីតកាល និងបានបន្តដាក់សកម្មភាពមីន ជាការងារអាទិភាពមួយ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាជន។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្រ របស់ក្រសួង-ស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីនចិន ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចូលរួមដល់កិច្ចការ បោសសម្អាតមីននៅកម្ពុជា ៕

To Top