ព័ត៌មានជាតិ

អតីតឧកញ៉ា ឡេង ចាន់ណា មិនបានប្រើប្រាស់ទូរស័ព្ទ ក្នុងពន្ធនាគារ ដើម្បីឆបោកគេទេ

" "

ភ្នំពេញ ៖ ពន្ធនាគារ ខេត្តសៀមរាប បានធ្វើការបំភ្លឺថា ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា មិនត្រូវបានអនុញ្ញាត ឲ្យមានការប្រើប្រាស់ទូរស័ព្ទ នៅក្នុងពេលកំពុងជាប់ឃុំ ក្នុងពន្ធនាគារឆបោកគេនោះទេ ។

ការបំភ្លឺរបស់ពន្ធគារ ខេត្តសៀមរាប បន្ទាប់ពី Account Facebook មួយចំនួនបានលើកឡើងថា អតីតឧកញ៉ាឡេង ចាន់ណានេះ ទោះបីជាកំពុងជាប់ ពន្ធនាគារហើយ នៅតែមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ ដើម្បីឆបោកគេបានជាធម្មតា ។ ក្នុងនោះAccount Facebook ឈ្មោះ សុខ វិសាល បានចុះផ្សាយថា “នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯង ចោលទៀត ចង់បំបាត់ភស្តុតាងមែន»។

" "

ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់ Account Facebook ខាងលើ ពន្ធនាគារខេត្តសៀមរាប បំភ្លឺថា ការបង្ហោះ និងចែកចាយនេះ គឺបានបង្ហាញថា សារឆ្លើយឆ្លងចុងក្រោយ ដែលមាននៅក្នុងខ្លឹមសារនេះគឺនៅថ្ងៃទី៩ ខែកុម្ភៈ (មិនបញ្ជាក់ឆ្នាំណា)។ ដោយឡែកពន្ធនាគារ បានទទួលឃុំខ្លួនឈ្មោះ ឡេង ចាន់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាប។ ក្នុងចំណុចនេះបានបង្ហាញឱ្យច្បាស់ថា សារទំនាក់ទំនងនេះកើតឡើង មុនជនជាប់ឃុំរូបនេះចូលពន្ធនាគារមកម្លេះ ។

" "

ដោយឡែកពាក់ព័ន្ធទៅនឹងខ្លឹមសារដែលលើកឡើងថា សាមីខ្លួនបានធ្វើការលុបខ្លឹមសារ Telegram នេះ ពន្ធនាគារខេត្តសៀមរាបក៏បញ្ជាក់ថា យោងតាមច្បាប់ស្តីពីពន្ធនាគារ ជនជាប់ឃុំមិនអនុញ្ញាត ឱ្យប្រើប្រាស់ទូរស័ព្ទចល័តលក្ខណៈឯកជន បានឡើយ ហើយជាលទ្ធផល ក្រោយការឆែកឆេរបន្ទប់ឃុំខ្លួន ពន្ធនាគារខេត្តសៀមរាបពុំបានរកឃើញទូរស័ព្ទដែលជននេះលួចលាក់ ក្នុងការប្រើប្រាស់នោះទេ។ ជនត្រូវចោទរូបនេះ ក៏បានបញ្ជាក់ថា Telegram ដែលខ្លួនប្រើប្រាស់ មុនចូលពន្ធនាគារកន្លងមក ក៏មានក្រុមការងាររបស់ខ្លួន ជាអ្នកគ្រប់គ្រង ប្រើប្រាស់ផងដែរ ។ ហេតុនេះ ចំពោះការលើកឡើងការចោទប្រកាន់ថាសារទំនាក់ទំនង Telegram នេះត្រូវបាន ជនត្រូវចោទជាអ្នកលុបនោះ គឺជារឿងមិនត្រឹមត្រូវឡើយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំត្រូវបានបញ្ជូនចូលពន្ធនាគារ ក្នុងបទល្មើស ឆបោកដោយចេតនាមាន ស្ថានទម្ងន់ទោស(ជាក្រុមមានការចាត់តាំង) និងបទ សម្អាតប្រាក់៕

To Top