ភ្នំពេញ៖ នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន២គ្រឿង ឈ្មោះ INS SUJATA និងនាវា ICGS VEERA ដឹកនាំដោយវរនាវីទោ ARJUN SEKHAR មេបញ្ជាការនាវា INS SUJATA និងវរនាវីទោ RAMESH V.TALKE មេបញ្ជាការនាវា ICGS VEERA កងទ័ពជើងទឹកឥណ្ឌា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច ៤ថ្ងៃ ។

ការចូលចតនេះត្រូវបានទទួលស្វាគមន៍ ដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបទៀត ។

ក្នុងដំណើរបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គឺដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អ ទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ឥណ្ឌា) ។

សូមបញ្ជាក់ថា សម្រាប់លក្ខណៈបច្ចេកទេស នាវា INS SUJATA លេខP56 គឺមានទម្ងន់ផ្ទុក ២២៦០តោន , បណ្ដោយ ១០២ ម៉ែត្រ , ទទឹង ១១,៥ ម៉ែត្រ , ជម្រៅទឹក ៥ ម៉ែត្រ , ល្បឿន ១៥ knots ។ រីឯលក្ខណៈបច្ចេកទេស នាវា ICG VEERA លេខ35 ប្រភេទ OPV មានទម្ងន់ផ្ទុក ៣០០០ តោន , បណ្ដោយ ៩៩ ម៉ែត្រ , ទទឹង ១៤,៩ ម៉ែត្រ , ជម្រៅទឹក ៤,៧ ម៉ែត្រ , ល្បឿន ២៦knots ៕







