ព័ត៌មានជាតិ

«បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ» កំពុងបំពេញតម្រូវការ អំពីឱកាសការងារ និងជំនាញសិក្សា ដល់សិស្ស និស្សិត នៃវិទ្យាស្ថាន បណ្តុះបណ្តាលវិស័យ កាត់ដេរនៅកម្ពុជា(CGTI)

ភ្នំពេញ÷ វិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ការបណ្តុះបណ្តាល ជំនាញនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួន ឱ្យបានកាន់តែទូលំទូលាយ។

តាមការលើកឡើងរបស់លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការងនិងជាប្រធានផ្នែកកម្មវិធី នៃវិទ្យាស្ថាន CGTI បានបញ្ជាក់ថា CGTI ក្នុងនាមជាគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាល ពាក់ព័ន្ធវិស័យកាត់ដេរ ពេញចិត្តជាខ្លាំងចំពោះភាពងាយ ស្រួលក្នុងការប្រើ ប្រាស់មុខងារនានា នៅក្នុងបញ្ជរសេវា សាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថា តាមរយៈបញ្ជរ សេវាសាធារណៈចល័តនេះ បានផ្ដល់ នូវអត្ថប្រយោជន៍ និងជួយសម្រួលការងារ ជាច្រើនដល់វិទ្យាស្ថាន ពាក់ព័ន្ធនឹងសេវាជ្រើសរើសបុគ្គលិក ពិសេសគឺសិស្ស និស្សិត ដែលកំពុងសិក្សា នឹងកាន់តែមានភាពងាយស្រួល លឿនរហ័ស មានឱកាសខ្ពស់ក្នុងការស្វែងរកការងារធ្វើ និងទទួលបានព័ត៌មានពិតប្រាកដ និងអាចជឿជាក់បំផុត។ លោកស្រីលើកឡើងថា វិទ្យាស្ថាន CGTI នឹងចូលរួមជំរុញ ការផ្សព្វផ្សាយអំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធនានា របស់ខ្លួនឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។

ជាមួយគ្នានេះដែរ យុវជន ហូ ហិរិ ជាសិស្សនៃវិទ្យាស្ថាន CGTI ដែលកំពុងសិក្សាលើជំនាញ វិស្វកម្ម ឧស្សាហកម្ម សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានផ្ដួចផ្ដើម បង្កើតបញ្ជរសេវាសាធារណៈចល័តនេះឡើង ព្រោះពិតជាផ្ដល់ផល ប្រយោជន៍ និងភាពងាយស្រួលណាស់សម្រាប់រូបគាត់ផ្ទាល់ ក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ លើមុខជំនាញដែលគាត់កំពុងសិស្សាស្រាប់ ពិសេសតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ មានក្រុមហ៊ុនសម្បូរបែប ច្បាស់លាស់ និងជឿទុកចិត្តបាន ។

ទន្ទឹមនេះ យុវតី ជា ចាន់រចនា ជាសិស្សនៃវិទ្យាស្ថាន CGTI ក៏បានលើកឡើងដែរថា តាមរយៈការស្កែន QR Code នៅលើ «បញ្ជរសេវាសាធារណៈចល័ត» គឺកាន់តែងាយស្រួល ប្រើប្រាស់តាមរយៈទូរសព្ទដៃ ដោយកញ្ញាអាចស្វែងរកព័ត៌មាន ស្វែងរកការងារធ្វើ និងព័ត៌មានអំពីជំនាញបណ្ដុះបណ្ដាលបន្ថែមទៀតកាន់តែលឿនរហ័ស ផងដែរ ។ បន្ថែមពីនេះ យុវតី ជា ចាន់រចនា ក៏បានអរគុណដល់រាជរដ្ឋាភិបាល និង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្ដួចផ្ដើមបង្កើត ឱ្យមានបញ្ជរ សេវាសាធារណៈចល័តនេះឡើង ដែលជាឧបករណ៍មួយប្រមូល ផ្តុំនូវព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងការផ្តល់សេវាកម្មទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

To Top