ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារ ដោយសំដៅចំៗទៅកាន់ទណ្ឌិត សម រង្ស៊ី ក្នុងន័យសង្វេគ ដល់អ្នកនយោបាយចាស់វស្សាម្នាក់នេះ ដែលតែងតែច្រៀងបទ (ឃោសនាលើវេទិកា) ដែលមានខ្លឹមសារដដែលៗ គ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើក្រុមគ្រួសារសម្តេច ។
នៅលើបណ្តាញសង្គម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន បានបង្ហាញនូវវីដេអូ របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងឃោសនាទំនងដើម្បីចង់បានប្រជាប្រិយភាព និងកម្រៃពីការភូតភរអ្នកគាំទ្រ ដោយសម្តេចធិបតី បានលើកឡើងថា ប្រហែលជាមកពីគាត់ គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៊ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់ ។
ក្នុងនោះ សម្តេចធិបតី បានយល់ឃើញថា “បទចម្រៀងរបស់ ទណ្ឌិត សម រង្ស៊ី មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើសម្តេច និងក្រុមគ្រួសាររបស់សម្តេច ក៏ដូចជាអំពាវនាវ ឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល” ។
សម្តេចធិបតី សង្កត់ធ្ងន់ថា “ក្តីស្រមៃរបស់គាត់មានតែមួយគត់ តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយ នៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឲ្យទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច”។
សម្តេចធិបតី ថែមទាំងបង្ហើបថា តាមពត៌មានក្រៅផ្លូវការ ដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯង ធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលនិរទេសនោះ ។ ក្នុងនោះសម្តេចថា បានឃើញស្រ្តីម្នាក់ឈ្មោះ សំ សុខា ដែលធ្លាប់ជាអ្នក ដើរតាមលោក សម រង្ស៊ី និយាយក្នុងវីដេអូខ្លីមួយនេះហាក់ ធ្វើឲ្យសម្តេចមានអារម្មណ៍អាណិតលោក សម រង្ស៊ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃ និងវិលវល់ច្រើន រហូតដល់មានមោទនភាព លើខ្លួនឯងពេក ដូចពាក្យខ្មែរមួយឃ្លាថា “មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង” ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ ពិតជាគួរឲ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ៕

