ព័ត៌មានជាតិ

អាជ្ញាធរ នឹងបិទផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លបណ្តោះអាសន្ន​ អំឡុងពេលអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក

" "

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ស្ថិតក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ ពង្រីកបន្ថែមស្ថានីយបូមទឹកលូប្រាំ ដោយបំពាក់បន្ថែមម៉ូទ័រ បូមទឹក មុខកាត់ ១,៥ម៉ែត្រ ចំនួន ០២គ្រឿង និងមុខកាត់ ០១ម៉ែត្រ ចំនួន ០១គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។

ដោយបច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ នៅក្រោមផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

" "

ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ ផុតរយៈពេលខាងលើ ផ្លូវបេតុងនេះ នឹងដាក់ឱ្យដំណើរការចរាចរណ៏ឡើងវិញ ។

" "

ហេតុដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមេត្តាដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខាន ដល់ការធ្វើចរាចរណ៏ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់៕

To Top