ព័ត៌មានជាតិ

អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គកា AHF អបអរសាទរ ទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការគ្នា រៀបចំពិធីអបអរសាទរ ទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»។

ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍, លោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ លោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ រួមទាំងមានអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមដង្ហែ ក្បូនប្រមាណ ៣០០នាក់។

ទិវាស្រោមអនាម័យអន្តរជាតិ បានរៀបចំធ្វើឡើង នៅសួនកោះនរា ជាមួយនឹងសកម្មភាពជាច្រើន រួមមាន ការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការអប់រំស្តីពីការប្រើប្រាស់ ស្រោមអនាម័យ ការលេងល្បែងកំសាន្ត និង ការប្រគុំតន្ត្រីកំសាន្តសប្បាយ ក្នុងគោលបំណង ដើម្បីស្វែងយល់ពីសារប្រយោជន៍ នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ » ដែលបានរៀបចំទូទាំងពិភពលោក ដោយអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេស៍ ទូទាំង ៤៧ប្រទេស ។

នាឱកាសនោះដែរ លោកបណ្ឌិត ឈឹម ឃិនដារ៉េត ក៏បានធ្វើការបន្តអំពាវនាវ ឱ្យមានការចូលរួមជាបន្តបន្ទាប់ទៀតពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងមេរោគអេសដស៍ ហើយយើងត្រូវទទួលស្គាល់ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ ប៉ុន្តែយើងប្រឹងប្រែងធ្វើយ៉ាងណាដាក់ឱ្យបាន នៅក្រោមការគ្រប់គ្រងរបស់យើង ហើយយើងត្រូវប្តេជ្ញាចិត្ត ក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់ គោលនយោបាយរួមគ្នា ។

លោក អ៊ុង គឹមហ៊ាង បានឱ្យដឹងថា នៅពេលយើងកំពុងប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិនេះ ក៏ទទួលស្គាល់ថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចប់ជំងឺ អេដស៍ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបានការប្រើប្រាស់ស្រោមអនាម័យ ការធ្វើតេស្ត និងការព្យាបាល សម្រាប់យើងទាំងអស់គ្នា។

លោក បន្ដថា ការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូ គឺជាបង្ហាញនៃសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់គឺបង្ហាញដោយការប្រើស្រោមអនាម័យ ហើយជាពិសេសស្រោមអនាម័យ បានជួយសង្គ្រោះជីវិតជាច្រើន ហើយវានឹងជួយ សង្គ្រោះជីវិតមនុស្សជាច្រើនទៀត យើងសាទរចំពោះស្រោមអនាម័យ។

សូមរំលឹកថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃ ជាសាកលដែលផ្តល់សេវា មិនគិតពីលទ្ធភាព នៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង ២លាននាក់ ក្នុងប្រទេសចំនួន ៤៨ នៅទូទាំងពិភពលោក ក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប ៕

To Top