កំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ នៅវេលាម៉ោង១:៣៥ នាទីរំលងអាធ្រាតយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការបង្ក្រាបបទល្មើសកាប់ នឹងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់៣៥ ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
![](https://dap-news.com/wp-content/uploads/2025/02/412-1024x768.jpg)
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការរបស់រដ្ឋាលព្រៃឈេីតំបន់៤៤ បានរាយការណ៍ថា នៅវេលាម៉ោង១,៣០នាទី ក្រុមជនល្មើសមានគ្នាប្រហែលពី៦ទៅ៨នាក់ បានរៀបចំដឹកជញ្ជូនឈើ ដែលបានលួចកាប់រួចថ្មីៗនៅពេលយប់ចំនួន៣គោយន្តកន្ត្រៃយ៍នៅតំបន់៣៥ ដែលជាតំបន់ព្រៃឈើ រក្សាទុករបស់រដ្ឋ ហៅព្រៃអង់តែន នៅឃុំបឹងល្វា ស្រុកសន្ទុក ។ ពេលទទួលបានព័ត៌មាននេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងដែលប្រចាំការនៅទីនោះ សហការគ្នា ដើម្បីគ្រប់គ្រង កុំឱ្យការដឹកជញ្ជូននូវបទល្មើសព្រៃឈើនេះចេញបានជាដាច់ខាត។ នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ចេញពីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់គោលដៅ ដើម្បីបង្ក្រាបបទល្មើសនៃការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នេះ ។
![](https://dap-news.com/wp-content/uploads/2025/02/415-1024x682.jpg)
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលកម្លាំងប្រតិបត្តិការមានគ្នាតិច ក្រុមជនល្មើសដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃយ៍ បានកាប់ទម្លាក់ឈើចុះ រួចបើកគោយន្តកន្ត្រៃយ៍គេចខ្លួនចូលព្រៃបាត់នៅមុនពេលដែលកងកម្លាំងអន្តរាគមន៍បានទៅដល់ ។ ក្រោយពេលធ្វើដំណើរអស់រយៈពេលជាងមួយម៉ោងកងកម្លំាងអន្តរាគមន៍បានទៅដល់ លទ្ធផលក្នុងពេលប្រតិបត្តិការ គឺរឹបអូសបានតែអនុផលព្រៃឈើ ដែលជនល្មើសបានកាប់ និងដឹកជញ្ជូនបានឈេីមូលចំនួនជាង៥ម៉ែត្រគីប ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរក្សាទុក។
![](https://dap-news.com/wp-content/uploads/2025/02/413-1024x682.jpg)
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បន្តធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដែលលួចកាប់និងដឹកព្រៃឈើខុសច្បាប់ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡេីយ ហេីយត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើនេះ មិនឲ្យមានការកេីតមានឡេីងជាថ្មីទៀតបានឡើយ៕
ដោយ៖ សំនៀង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)