ព័ត៌មានជាតិ

ស្ពានបុរាណវែងជាងគេរបស់កម្ពុជា ដែលជាទីមោទនៈរបស់អ្នកស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ “ស្ពានទ័ព ឬ ស្ពានទិព្វ” ស្ពានបុរាណវែងជាងគេរបស់កម្ពុជា មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ស្ពាននេះស្ថិតនៅលើមហាវិថីបុរាណ ត្រូវបានសាងសង់ឡើង នៅចុងសតវត្សរ៍ទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដើម្បីតភ្ជាប់ផ្លូវទៅកាន់ទីក្រុងវិម៉ាយពូរ៉ា(ភីម៉ា) ស្ថិតក្នុងខេត្តនគររាជសីម៉ា ដែលបច្ចុប្បន្ននៅប្រទេសថៃ។ ស្ពានទ័ព ជាស្ពានបុរាណដែលវែងជាងគេ ត្រូវបានសាងសង់កាត់ស្ទឹងស្រែង មានប្រវែងបណ្ដោយ ១៥០ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រនិងកម្ពស់ ១០ម៉ែត្រ។

បើតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ទោះបីបច្ចុប្បន្នស្ពានទ័ព កំពុងប្រឈមនឹងបញ្ហាទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើតអស់រយៈពេល ជាច្រើនសតវត្ស សសរស្ពានជាពិសេសផ្នែកខាងកើត បានសឹករិចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់៤ម៉ែត្រក៏ដោយ ក៏ស្ពាននេះជាបុរាណដ្ឋានមួយ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការស្វែងយល់ពីភាពថ្កុំថ្កើង នៃអរិយធម៌របស់ចក្រភពអង្គរ៕

To Top