ព័ត៌មានជាតិ

សម្តេចធិបតី ផ្ដល់ថវិកា ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំ​នួន ៥ខេត្ត។

ខេត្តចំនួន ៥នោះ រួមមាន ៖១/ រដ្ឋករទឹកកំពត ខេត្តកំពត ,២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ,៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ,៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ,៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។

សម្ដេច បន្ដថា ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។

សម្ដេច បន្ថែមថា ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។

សម្ដេច គូសបញ្ជាក់ថា “ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន ÷ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ,២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ,៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ,៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ,៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “។

សម្ដេច នាយករដ្ឋមន្ត្រី​ បន្ថែមទៀតថា “យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត”៕

To Top