ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះ ទៅកាន់ការអប់រំឌីជីថល” ជាវេទិកាមួយ សម្រាប់អ្នករៀបចំគោលនយោបាយ អប់រំ អ្នកអប់រំ អ្នកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន នវានុវត្តជនផ្នែកបច្ចេកវិទ្យាអប់រំ អ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងក្រុមហ៊ុនឯកជនក្នុងការ បញ្ញាបបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំកម្ពុជា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ។

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា គឺជាវេទិកាដំបូង និងធំជាងគេបំផុតរបស់ប្រទេស សម្រាប់ការប្រជុំពិភាក្សា និងកិច្ចសហការដើម្បីលើកកម្ពស់ការអប់រំតាមរយៈបច្ចេកវិទ្យាសហការ រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានគោលនយោបាយ (DoPo) និងដៃគូអភិវឌ្ឍ ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះ មានគោលបំណងប្រមូលផ្តុំគ្រប់ ភាគីពាក់ព័ន្ធ សំខាន់ៗ ដើម្បីត្រួសត្រាយអនាគត នៃការអប់រំ តាមបែបឌីជីថលនៅកម្ពុជា។
នៅពេលពិភពលោកអភិវឌ្ឍ កាន់តែខ្លាំងលើឌីជីថល វិស័យអប់រំត្រូវតែសម្របខ្លួន ដើម្បីបំពេញតម្រូវការនៃសតវត្សទី ២១ ។
សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា ជាវេទិកាមួយ ដើម្បីស្វែងរកដំណោះស្រាយ នៃបញ្ហាប្រឈមនានា និងឱកាសនៃការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងវិស័យអប់រំ រដ្ឋបាល សាលារៀន និងសាកលវិទ្យាល័យនៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំអ្នកបង្កើត គោលនយោបាយ អ្នកអប់រំ នាយកសាលា អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ និងក្រុមហ៊ុនឯកជន ដែលធ្វើឲ្យវាក្លាយជាវេទិកា ដ៏ទូលំទូលាយបំផុតដើម្បីពិភាក្សា និងទាញយក ប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល បម្រើការអប់រំ។

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ (EdTech Summit) គឺជាវេទិកា ឈានមុខគេមួយ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសជឿនលឿននៅលើសកលលោក ដើម្បីប្រជុំជាមួយ សហគមន៍ដែលមកពីស្ថាប័នចម្រុះរួមមាន អ្នកបង្កើតគោល នយោបាយ អ្នកឯកទេសអប់រំ អ្នកឯកទេស ព័ត៌មានវិទ្យា អ្នកច្នៃប្រឌិត បច្ចេកវិទ្យាអប់រំ អ្នកដឹកនាំផ្នែក ឧស្សាហកម្ម និង អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញ ការចែករំលែកចំណេះដឹង ការច្នៃប្រឌិត និងការសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យក ឱកាសក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំ ដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មអប់រំតាមរយៈ បច្ចេកវិទ្យា។

សន្និសីទ និងពិព័រណ៍បច្ចេក វិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech នឹងត្រូវរៀបចំឡើងក្រោម ប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់ការអប់រំឌីជីថលកម្ពុជា” Summit) នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ប្រធានបទនៃសន្និសីទ និងពិព័រណ៍ ឆ្នាំនេះ ផ្តោតលើការពិភាក្សាលើការ ស្វែងរកប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាអប់រំ (EdTech) គាំទ្រការអប់រំប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព ការបង្កើតថ្មី និងការអភិវឌ្ឍជំនាញ នៅកម្ពុជា ។ ការតាំងពិព័រណ៍បច្ចេកវិទ្យាបម្រើការអប់រំ តាមរយៈការពិភាក្សា ដ៏ស៊ីជម្រៅនានា និងការបង្កើត ឱកាសទំនាក់ទំនង សន្និសីទនេះមានគោលបំណងជំរុញនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យអប់រំ លើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងពន្លឿន ការបញ្ចូលបច្ចេកវិទ្យាជំនួយការបង្រៀន ការរៀន ដើម្បីចូលរួមរៀបចំអនាគត នៃការអប់រំតាមបែបឌីជីថលនៅកម្ពុជា ៕



ដោយៈ លី ហ្វីលីព
















