ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបញ្ជូនជន សង្ស័យចំនួន៦ នាក់ និងថ្នាំញៀន មួយចំនួនទៅ សាលាដំបូង ខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ក្នុងករណីរក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងករណីកាន់កាប់ នូវអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ខេត្តស្វាយរៀង។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួល នីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២០និង៤៥ នាទី ថ្ងៃទី១២ ខែកុម្ភ: រហូតដល់វេលាម៉ោង១៦និង១៣នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់នូវ អាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត នៅចំណុចខាងមុខសណ្ឋាគារឋាណាថា និងមុខខេធីវី ABC ស្ថិតនៅភូមិបាវិត កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន២ កញ្ចប់មានទម្ងន់ ចំនួន ៤៨៤,៤០ ក្រាម (គិតទាំង សំបកវេចខ្ចប់)មេតំហ្វេមីន, ម្សៅម៉ត់ពណ៌សថ្លា ចំនួន២កញ្ចប់មានទម្ងន់ ៦,៨០ ក្រាម (គិតទាំងសំបកវេចខ្ចប់), រថយន្ត ចំនួន១គ្រឿង, ម៉ូតូ ចំនួន២គ្រឿង, ទូរស័ព្ទ ចំនួន០៩ គ្រឿង, អាវុធខ្លី ចំនួន១ ដើម គ្រាប់៦គ្រាប់, លិខិតឆ្លងដែន ចំនួន១៧ ក្បាល, អត្តសញ្ញាប័ណ្ណវៀតណាម ចំនួន២សន្លឹក, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕
