ព័ត៌មានជាតិ

ប្រព័ន្ធហ្វឹកហ្វឺន អាវុធថ្មើរជើង សិប្បនិមិត្ត ជំនួយរបស់ឥណ្ឌា ជូនកងទ័ពជើងគោក គឺគាំទ្រដល់ដំណើរការ ទំនើបកម្មវិស័យ ការពារជាតិកម្ពុជា

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់-ទទួល ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត ជាជំនួយរបស់កងទ័ពជើងគោកឥណ្ឌា ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ។

ថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងរយៈពេល៧៣ឆ្នាំមកនេះ ហើយកិច្ចសហប្រតិបត្តិការយោធារបស់យើង ត្រូវបានពង្រឹង និងពង្រីកកជាលំដាប់ រហូតដល់មានការចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ ដែលបាន បង្កើតកាលានុវត្តភាពថ្មីជាច្រើន ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ឥណ្ឌា។
លោក បានបន្ថែមថា ប្រព័ន្ធហ្វឹកហ្វឺនសិប្បនិមិត្ត ដែលជាជំនួយរបស់ កងទ័ពជើងគោកឥណ្ឌា គឺជាការការគាំទ្រ ​ ដល់ដំណើរការទំនើបកម្ម វិស័យការពារជាតិរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការបង្កើនសមត្ថភាពប្រតិបត្តិការរបស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

លោក Vanlalvawna Bawitlung បានមានប្រសាសន៍ថា ការផ្តល់ជំនួយប្រព័ន្ធហ្វឹកហ្វឺន អាវុធថ្មើរជើងសិប្បនិមិត្ត នេះគឹតបតាមសំណើ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់សាធារណរដ្ឋឥណ្ឌា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ប្រទេសទាំងពីរ។

លោក បានបន្ថែមថា ជំនួយប្រព័ន្ធហ្វឹកហ្វឺន សិប្បនិមិត្តនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំ រវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញពីគោល បំណងក្នុងការពង្រើក និង ពង្រឹងទំនាក់ទំនងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និង សារធារណរដ្ធឥណ្ឌាបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា ក្រោយមានការរចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ កាលពីឆ្នាំ២០២៣ កងទ័ពជើងគោកកម្ពុជា បានបញ្ជូនយោធិនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានា នៅក្នុងប្រទេសឥណ្ឌា និងបានធ្វើសមយុទ្ធយោធាទ្វេភាគីលើកទី១ ឈ្មោះថា CINBAX ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការ កិច្ចសហប្រតិបត្តិការ ប្រឆាំងអំពើភេរវកម្ម និងការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការរួមគ្នា ក្រោមឆត្រអង្គការសហប្រជាជាតិ ៕

To Top