ព័ត៌មានជាតិ

សភាអាមេរិក គូសបញ្ជាក់ពីការបន្ត ធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ឱ្យកាន់តែយល់ដឹងច្បាស់ពីកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង ឱ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិក គូសបញ្ជាក់អំពីការបន្ត ធ្វើការជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ដើម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ រវាអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។

គណៈប្រតិភូសភាសហរដ្ឋអាមេរិក រួមមាន ៖ លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានសម្ដែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។

គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។

គណៈប្រតិភូសភាសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, គណៈប្រតិភូសភាសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់អំពីការបន្តធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា-សហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រ ដល់ដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរ ទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

សម្ដេចបវរធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍ ៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិង សន្តិសុខ និងការបោសសម្អាតមីន ជាដើម ៕

To Top