ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ៕
