ព័ត៌មានជាតិ

សម្តេចធិបតី ចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត តាមទូរសព្ទពីចម្ងាយ ក្រោយបញ្ចប់វិវាទរាំរ៉ៃជិត២៥ឆ្នាំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ១៧១៧គ្រួសារ តាមរយៈការជួបតាមទូរសព្ទ ក្រោយការដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃជិត២៥ឆ្នាំ តាមរូបភាពឈ្នះ ឈ្នះក្រៅប្រពន្ធ័តុលាការ ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានហៅទូរសព្ទជាវីដេអូ ទៅកាន់លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី ដោយបានចូលរួមអបអរសាទរ​ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ១៧១៧គ្រួសារ ចំពោះការដោះស្រាយបញ្ចប់វិវាទរាំរ៉ៃ ជិត២៥ឆ្នាំ តាមរូបភាពឈ្នះ ឈ្នះក្រៅប្រពន្ធ័ តុលាការ និងបានធ្វើការកោតសរសើរ និងអរគុណ ចំពោះក្រុមការងារដឹកនាំដោយលោក ប៉ាន់ ខែមប៊ុនថន រដ្ឋាបាលខេត្ត បន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និង គ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំស្វែងរកដំណោះ ស្រាយជូនប្រជាពលរដ្ឋ។

ថ្លែងជាមួយប្រជាពលរដ្ឋ តាមរយៈទូរសព្ទពីចម្ងាយ សម្តេចធិបតី មានប្រសាសន៍ថា ” អបអរសាទរ ការងារយើង បានដោះចប់បញ្ហា២៥ឆ្នាំ ហើយអរគុណក្រុមការងារ ប៊ុនថន ដែលជួយដោះ ខ្ញុំបានឱ្យចុះទៅធ្វើមិចព្យាយាមសម្របសម្រួល ដោះជូនប្រជាពលរដ្ឋឱ្យបាន ហើយឥឡូវដោះចប់ហើយ ហើយថ្ងៃនេះ យើងនៅសល់កន្លែងមួយចំនួនតូចទៀត យើងបន្តដោះ សង្ឃឹមថា យើងដោះឱ្យបានចប់ ជូនបងប្អូនប្រជាពលរដ្ឋ ដីធ្លីកម្មសិទ្ធិ ដើម្បីយើងរៀបចំ ជូនបន្តទៅទៀត ឱ្យបងប្អូនអាចប្រើប្រាស់ដីនេះ” ។

តាមរយៈវីដេអូ Call ជាមួយសម្តេចធិបតី នាឱកាសនេះ ប្រជាពលរដ្ឋ ជាពិសេសបងប្អូន​ ដែលទទួលបាន ដំណោះស្រាយពីរាជរដ្ឋាភិបាល បានសម្តែងនូវការពេញចិត្ត និងសប្បាយរីករាយជាអនេក និងបានថ្លែងអំណរគុណ ទៅកាន់សម្តេចធិបតី ដែលសម្តេចបានយកចិត្តទុកដាក់ បញ្ចូនក្រុមការងារ ដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋ រងការលំបាកនោះឡើយ ៕

To Top