ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ត្រូវបានប៉ូលីសហៅ វាស់ជាតិអាល់កុល និងប្រើសំដីមិនសមរម្យ មកលើលោកបណ្ឌិត

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាងថា លោកត្រូវបានក្រុមសមត្ថកិច្ច អនុវត្តច្បាប់ ពេលរាត្រីឃាត់រថយន្ត ហើយឲ្យលោកផ្លុំ វាស់កម្រិតជាតិអាល់កុល កាលពីរាត្រីថ្ងៃ១៧ កុម្ភៈ ក្នុងពេលធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារស្រាវជ្រាវ ។

បើតាមលោកបណ្ឌិត រៀបរាប់ពីដំណើរដើមទង នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាំឲ្យមានការឃាត់រថយន្តនោះ គឺបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ នៅតាមខេត្តមួយចំនួន តាមបណ្តោយព្រំដែន ហើយត្រឡប់មកផ្ទះវិញ នៅម្តុំភ្នំបាសិត ក្រោយត្រឡប់ពីជូនមន្រ្តីម្នាក់ ទៅយកម៉ូត នៅកន្លែងធ្វើការ កាលពីពេលរាត្រីថ្ងៃ១៧ កុម្ភៈ ។ អំឡុងពេលនោះលោកក៏បានចូលហូបបាយ ហើយក៏បានពិសាស្រាបៀមួយកំប៉ុង ដើម្បីរំសាយការហត់នឿយ ។

លោករៀបរាប់ទៀតថា ស្រាប់តែកំពុងធ្វើដំណើរនៅលើដងផ្លូវមកផ្ទះ បានជួបសមត្ថកិច្ចអនុវត្តន៍ច្បាប់ ត្រួតពិនិត្យជាតិ អាល់កុល ពួកគាត់ឃាត់ឡាននិង ឲ្យផ្លុំវាស់កំរិតជាតិអាល់កុល លោកបានចុះទៅសហការ ប៉ុន្តែលោកបានស្នើ សុំហែកទុយោថ្មី ព្រោះខ្លាចឆ្លងរោគ ។

តាមអ្វីដែលលោកបានលើកឡើងទៀតនោះ ហាក់ហួសចិត្តបន្តិចដែរ ដោយលោកអះអាងថា “ផ្ទុយទៅវិញគេកំហកថា ហែងស្អីបានមកបញ្ជាកងកម្លាំង ។ ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះ ខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមក ខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុល ដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ ឲ្យខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថា បើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ កាយវិការច្រលោត ព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំ សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថា ស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសំរាក” ។

លោកបណ្ឌិតបន្តថា “មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចរឹកអីចឹង ។ ខ្ញុំជាពលរដ្ឋម្នាក់ បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កំរិត ដែលបង្កបញ្ហាផង តើឲ្យខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំឲ្យគ្រួសារខ្ញុំថតវិញ គេមិនឲ្យថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថា ផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀត ព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណៈបែបនេះ” ៕

To Top