ភ្នំពេញ ៖ ក្រុមកម្មការិនីមានផ្ទៃពោះ បម្រើការក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការសប្បាយចិត្ត ដែលពួកគាត់ នៅតែទទួលបានអត្ថប្រយោជន៍ ជាច្រើនពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យផ្ទៃពោះ និងសេវាថែទាំសុខភាព និងដោយមានការ សម្របសម្រួលយកចិត្តទុកដាក់ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

លោកស្រី ភឿន លីណា ជាកម្មការិនីមានផ្ទៃពោះ នៃរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា លោកស្រីសប្បាយចិត្តពេលមាន ប.ស.ស. គឺយើងអាចចំណេញ និងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររាជរដ្ឋាភិបាល ជួយក្នុងការចំណាយផ្សេងៗ តាំងពីពេលពិនិត្យផ្ទៃពោះរហូត ដល់ពេលសម្រាលកូន និងក្រោយសម្រាលកូន ក្នងការយកកូនទៅចាក់វ៉ាក់សាំង រហូតដល់កូនអាយុក្រោម ២ឆ្នាំ។ លោកស្រីបញ្ជាក់ថា រាល់ការទៅទទួលសេវាកម្ម នៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. គឺលឿនរហ័ស មានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការលំបាកអ្វីឡើយ ពោលគឺមិនចំណាយអ្វីទាំងអស់ ។

កម្មការិនីមានផ្ទៃពោះមួយរូបទៀត លោកស្រី ម៉ៅ សុខរក្សា ក៏បានលើកឡើងដែរថា តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មុនពេលសម្រាលកូន លោកស្រីទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ រួមនិងការឧបត្ថម្ភផ្សេងៗទៀត ដែលនេះពិតជាបានលើក កម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ។ លោកស្រីសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាក របស់កម្មករនិយោជិត ក្រោយហេតុការណ៍អគ្គិភ័យ ឆាបឆេះរោងចក្រ ឆេះនេះផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី សយ សុភា ប្រធានសាខាបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) ខណ្ឌដង្កោ បានលើកឡើងថា ជាការឆ្លើយតបទៅនឹង ស្ថានភាពជាក់ស្តែង និងដើម្បីជួយសម្រួលបញ្ហា ប្រឈមនានា របស់បងប្អូនកម្មករនិយោជិត ពិសេសកម្មការិនីដែលមានផ្ទៃពោះ ក្រុមការងារ ប.ស.ស. សាខាខណ្ឌដង្កោ បានចុះទៅដល់ទីតាំងភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យ ឆាបឆេះរោងចក្រ ហ្វ័រម៉ាត។ លោកស្រីបញ្ជាក់ថា ជាការឆ្លើយតប ចំពោះស្ត្រីមានផ្ទៃពោះ សរុប ១៤នាក់ នៃរោងចក្រ ហ្វ័រម៉ាត នេះ គឺ ប.ស.ស. នៅតែបន្តផ្ដល់ជូនអត្ថប្រយោជន៍ដែល កម្មការិនីមានផ្ទៃពោះ ទទួលបានដដែល ។ ដូចនេះសូមបងប្អូនកម្មការិនី កុំមានការព្រួយបារម្ភ ព្រោះនៅពេលកម្មការិនីមានផ្ទៃពោះ បានបំពេញតាមលក្ខខណ្ឌកំណត់របស់ ប.ស.ស. គឺពួកគាត់នឹងទទួលបានប្រាក់ឧបត្ថម្ភជា ៣ ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន និងក្រោយសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ ។

សូមបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖

-ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល
-ទទួលបានសេវាសម្រាលកូន ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
-ទទួលបានប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% ចំនួន ៩០ថ្ងៃ
-ទទួលបានប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូន រហូតកុមារអាយុក្រោម២ឆ្នាំ ។

សូមជម្រាបផងដែរថា សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន ៕








