ព័ត៌មានជាតិ

មូលនិធិ ២៥រៀល របស់វីតាល់ សហការជាមួយ កាកបាទក្រហម ផ្សព្វផ្សាយទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ មូលនិធិ២៥រៀល របស់វីតាល់ បានចូលរួមសហការ ជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និង កុមារ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ រវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ។

កម្មវិធីនេះ ទទួលបានការចូលរួមក្រោមអធិបតីភាពរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកគ្រូ អ្នកគ្រូពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំង ៣ រួមទាំងស្ត្រី និងក្រុមគ្រួសារជាច្រើនរូប ។

ក្នុងឱកាសនោះ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា និងទារក បន្ទាប់ពីសម្រាលរួច ប្រកបដោយប្រសិទ្ធិភាព។ ព្រមទាំងបង្កើតនូវកម្មវិធីចែករំលែកចំណេះដឹង ក្នុងការលើកកម្ពស់សុខភាព របស់ទារក និងកុមារតូចៗនៅកម្ពុជា ប្រកបដោយសុខុមាលភាពល្អ និងវិជ្ជាជីវៈខ្ពស់ ។ លោកស្រីបន្ត លើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារ ដែលមានសារធាតុចិញ្ចឹម ប្រកបដោយអនាម័យខ្ពស់ និងពិសាទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់ របស់ទារកឱ្យ បានល្អប្រសើរ ។ លោកស្រី បានបន្ថែមថា ក្នុងនាមជាវិស័យឯកជន វីតាល់ជឿថា ការផ្តល់ជូនទៅដល់សង្គមតាមរយៈការផ្តល់ជំនួយឧបត្ថម្ភ និងចូលរួមចំណែកលើកិច្ចការសង្គមផ្សេងៗ ទោះក្នុងរូបភាពណាក៏ដោយ គឺជាការបង្កើតឱ្យមានវប្បធម៌ នៃការចែករំលែកដ៏ល្អមួយ ។ តាមរយៈមូលនិធិ ២៥រៀល វីតាល់បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និង បង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារ សង្គមឱ្យកាន់តែ ទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ។

ទន្ទឹមនឹងគ្នានេះដែរ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាព ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយលើកឡើងថា ការពង្រឹង និងបន្តអភិវឌ្ឍន៍ប្រព័ន្ធ សុខាភិបាលសាធារណៈ និងឯកជន ប្រកបដោយការវិនិយោគ លើធនធានមនុស្ស វិស័យសុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ជាគោលដៅសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ។ ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណចំពោះមន្ទីរ ពេទ្យជាតិតេជោសន្តិភាព ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែង នូវការកោតសរសើរ និងអំណរគុណចំពោះនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានរួមចំណែក យ៉ាងធំធេងជារឿយៗ ជាមួយកាកបាទក្រហមកម្ពុជា ជាក់ស្ដែងក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ នេះផងដែរ ។

គួរបញ្ជាក់ដែរថា វីតាល់ ជាក្រុមហ៊ុនទឹកពិសា ដែលមានមូលនិធិ ២៥រៀល ជានិច្ចកាល បន្តរក្សាមូលដ្ឋាន នៃការប្រើប្រាស់មូលធន ដល់ការបង្កើត គម្រោងថ្មីៗ ជាពិសេសលើកិច្ចការងារសុខុមាលភាពសង្គម នៃវិស័យសុខាភិបាល ។ រាល់ការជាវទឹកពិសាវីតាល់១ដប លោកអ្នកបានចូល រួមចំណែកបរិច្ចាគចំនួន២៥រៀល ទៅក្នុងកិច្ចការសង្គមនានា ។ វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបពីសហគមន៍អ៊ឺរ៉ុប ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ ។ វីតាល់ មោទនភាព ផលិតផលជាតិ៕

To Top