ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស​ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ (នារី ១ ១៦៩ នាក់) ក្នុងឆ្នាំសិក្សា២០២០-២០២១ និង២០២១-២០២២ ក្នុង នោះ និស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ​។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, មហាវិទ្យាល័យសង្គម សាស្ត្រនិងសេដ្ឋកិច្ច, មហាវិទ្យាល័យនីតិសាស្ត្រ​ និងវិទ្យាសាស្ត្រនយោបាយ, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍, និង មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន និងថ្នាក់បរិញ្ញាបត្រ មានមុខជំនាញចំនួន ២៣, ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញចំនួន ១៨, និងថ្នាក់បណ្ឌិត មានមុខជំនាញចំនួន ៩។

សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានអនុវត្តរបៀបគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំ តាមបែបឌីជីថល និងបន្តពិនិត្យ រៀបចំដាក់បញ្ចូលឱ្យប្រើប្រាស់ជាបន្តបន្ទាប់ នូវប្រព័ន្ធឌីជីថលជាច្រើនទៀត ដូចជា A.I, Machine Leaming, Cloud Computing, ប្រព័ន្ធគ្រប់គ្រងវត្តមានតាមផ្ទៃមុខ និងប្រព័ន្ធគ្រប់គ្រងអគារឆ្លាតវៃ ជាដើម៕

To Top