ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពញ្ញាក់ស្មារតី ដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យឆាប់ជឿតាមអ្វីដែលគេលើកឡើង ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់កម្ពុជា ដោយឱ្យនាំគ្នាធ្វើយ៉ាងណា ថែរក្សាសន្តិភាព ហើយការពារដែនអធិបតេយ្យភាពទឹកដី និងឯករាជ្យភាព តាមរយៈកុំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ (នារី ១ ១៦៩ នាក់) នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានរំលឹក នូវទុក្ខវេទនា ដែលកម្ពុជា បានឆ្លងកាត់នូវសង្គ្រាមជាហូរហែល ពោលប្រមាណ៥០០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា មិនអាចស្វែងរកសន្តិភាព ។ ហេតុដូចនេះ សម្តេចធិបតី ផ្តាំកុំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង បើកាលណាបែកបាក់សាមគ្គីផ្ទៃក្នុង នឹងធ្វើឱ្យប្រទេសជិតខាងឆ្លៀតឱកាស ច្បាមយកនូវផលប្រយោជន៍ តួរយ៉ាងប្រវត្តិសាស្ត្រខ្មែរ បានចងក្រងឱ្យស្វែងយល់ស្រាប់ បន្ទាប់ពីខ្មែរបែកបាក់ផ្ទៃក្នុង ធ្វើឱ្យខ្មែរកាន់តែចុះខ្សោយទៅៗ ។
សម្តេចធិបតី មានប្រសាសន៍ថា “ការស្វែងរកសន្តិភាព វាលំបាកណាស់ ប៉ុន្តែការថែរក្សាសន្តិភាព កាន់តែលំបាកជាងនេះទៅទៀត ទាមទារឱ្យកូនខ្មែរយើង ត្រូវយល់គ្នា ត្រូវយល់ពីកត្តាប្រវត្តិសាស្ត្រ ដែលថាខ្មែរចុះខ្សោយ មិនមែនមកពីគេវាយលុកទេ ប៉ុន្តែកត្តាធំបំផុតទី១ គឺដោយសារយើងបែងបាក់ វៃគ្នាផ្ទៃក្នុងសង្គ្រាមតាំងពីជំនាន់ក្រោយអង្គរ នឹងហើយដែលទុកឱកាសឱ្យយើងកាន់តែខ្សោយទៅៗ ចឹងការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាព នៅក្នុងប្រទេស គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ”៕
