ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានណែនាំក្រុមការងារលេខាធិការដ្ឋានឲ្យពង្រឹង ប្រសិទ្ធភាពការងារខិតខំបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត ដោយឈរលើទស្សនៈវែងឆ្ងាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ បានមានប្រសាសន៍ណែនាំក្រុមការងារលេខាធិការដ្ឋាន ឲ្យពង្រឹងប្រសិទ្ធភាពការងារ ខិតខំបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត ដោយឈរលើទស្សនៈវែងឆ្ងាយ ត្រៀមខ្លួនក្នុងនាមជាមន្រ្តីបន្តវេន។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅសាលប្រជុំតូចសាលាខេត្ត នារសៀលថ្ងៃទី ១៨ ខែគុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការដឹកនាំការងារប្រចាំថ្ងៃរបស់លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានលើកឡើងផងដែរ អំពីការងារ នៃការរៀបចំរចនាសម្ព័ន្ធលេខាធិការដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ របៀបរបបការងារ ការទំនាក់ទំនង និងបូកសរុបរបាយការណ៍ចំណូលចំណាយ របស់ លេខាធិការដ្ឋាន  ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់ លើការងារចំនួន ៤ គឺ ៖

ទី១ ៖ ថ្នាក់ដឹកនាំ អង្គភាពនីមួយៗ ត្រូវចេះប្រមើលមើលមន្រ្តី ដែលមានទេពកោសល្យ និងត្រូវពង្រឹងសមត្ថភាព មន្រ្តីបង្គោលរបស់ខ្លួន ឲ្យចេះការងារ ដូចជា ធ្វើរបាយការណ៍ ចេះសរសេរសុន្ទរកថា ចេះបទអន្តរាគម និងចេះសរសេរបទបង្ហាញឲ្យថ្នាក់ដឹកនាំ។

ទី២ ៖ ត្រូវចេះពង្រឹងសមត្ថភាពខ្លួនឯង ជាប្រធានអង្គភាព ជាអ្នកទទួលខុសត្រូវការងារតាមជំនាញ តាមវិស័យ ហើយមន្រ្តីរបស់ខ្លួន សូមកុំឲ្យខ្ជីខ្ជាលើការអនុវត្តការងារតួរនាទីភារកិច្ចរបស់ខ្លួន។

ទី៣ ៖ រដ្ឋបាលខេត្ត ត្រូវពិនិត្យមើលពាក់ព័ន្ធកម្មវិធីប្រជុំនានា របស់ថ្នាក់ដឹកនាំ ដោយត្រូវយកចិត្តទុកដាក់ទៅលើការៀបចំឯកសារ ។

ទី៤ ៖ មិនត្រូវមើលស្រាលការងារនោះទេ ត្រូវចេះទទួលខុសត្រូវ លើមុខងារ និងត្រូវមានភាពរឹងមាំ ធន់ និងមានឆន្ទៈមោះមុត ៕

To Top