ព័ត៌មានជាតិ

NEA ចល័ត របស់ក្រសួងការងារ សហការជាមួយរោងចក្រ ផ្តល់ការងារថ្មីបានយ៉ាងលឿន ជូនកម្មករនិយោជិត នៃរោងចក្រ ហ័្វរម៉ាត ក្រោយពេលអគ្គិភ័យឆាបឆេះ

" "

ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការរំភើបពេញចិត្តជាខ្លាំង ដែលពួកគាត់អាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ពីក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា បន្ទាប់ពីរោងចក្រត្រូវបានអគ្គិភ័យឆាបឆេះ លោកស្រីពិតជាមានការបារម្ភក្នុងការស្វែងរកកន្លែងការងារថ្មីធ្វើ ដើម្បីរកចំណូលដោះស្រាយជីវភាពក្នុងគ្រួសារ។ ទន្ទឹមនេះ លោកស្រីបានដាក់ពាក្យស្វែងរកការងារធ្វើភ្លាមៗផងដែរ តាមរយៈ NEA ចល័តនៃក្រសួងការងារ ដែលបានចុះមកដល់ទីតាំងនៅមុខរោងចក្រតែម្ដង។ ដោយមិនរងចាំយូរឡើយ លោកស្រីក៏ត្រូវបានជ្រើសរើសចូលធ្វើការងារនៅក្នុងរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការចាស់នោះទេ គឺពិតជាធ្វើឱ្យលោកស្រីសប្បាយចិត្តបំផុត។

" "

ជាមួយគ្នានេះ លោកស្រី ច្រឹង ចាន់ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត ក៏បានលើកឡើងផងដែរថា ក្រោយពីបានដាក់ពាក្យចុះឈ្មោះស្វែងរកការងារធ្វើថ្មី តាមរយៈ NEA ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមិនរង់ចាំយូរនោះទេ លោកស្រីក៏ទទួលបានការងារ ដែលធ្វើឱ្យលោកស្រីរំភើបស្ទើរស្រក់ទឹកភ្នែក និងត្រេកអរជាខ្លាំង។ លោកស្រីនិយាយថា រោងចក្រថ្មីដែលលោកស្រីចូលធ្វើការនេះ មានការយកចិត្តទុកដាក់ និងជួយសម្រួលដល់លោកស្រីបានយ៉ាងល្អ។ 

" "

ស្របគ្នានេះដែរ កម្មការិនីទាំងពីររូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈ NEA ចល័ត ដែលបានជួយសម្រួលទុក្ខលំបាករបស់កម្មករនិយោជិតបានយ៉ាងលឿន ដោយបានជួយរកការងារថ្មីឱ្យកម្មករនិយោជិតធ្វើបានភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រដែលពួកគាត់បានធ្វើការ។

ទន្ទឹមនេះ លោក វ៉ិត សង្ហា ប្រធានរដ្ឋបាល និងអនុលោមច្បាប់នៃរោងចក្រ ខេអេច វីនស្តារ ហ្កាម៉ិន ឯ.ក បានលើកឡើងផងដែរថា ដោយមិនរងចាំយូរ ក្រោយពីបានទទួលដំណឹងអំពីហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត ភ្លាមៗក្រុមការងាររោងចក្រ បានចូលរួមសហការ ជាមួយមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើយ៉ាងណាចូលរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា ស្របពេលដែលខាងរោងចក្ររបស់លោកកំពុងតម្រូវការកម្លាំងកម្មករនិយោជិតជាច្រើននាក់បន្ថែមផងដែរ។

លោកបញ្ជាក់ថា សម្រាប់បងប្អូនកម្មករនិយោជិតទាំងអស់ សូមកុំមានការព្រួយបារម្ភ ខាងរោងចក្រ នឹងយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់ជូនអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារកំណត់ជូនផងដែរ។  ឆ្លៀតក្នុងឳកាសនេះដែរ លោក វ៉ិត សង្ហា ក៏បញ្ចាក់បន្ថែមទៀតថា រោងចក្រ ខេអេច វីនស្ដារ ហ្កាម៉ិន ឯ.ក សូមលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់ អាចមកចុះឈ្មោះ ដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមកកាន់រោងចក្រផ្ទាល់។

សូមជម្រាបជូនថា មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺនៅតែបន្តរង់ចាំជួយសម្រួលដល់ការចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិតនៅមុខរោងចក្រហ្វ័រម៉ាត តែម្តង ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅមុខរោងចក្រនេះតែម្តង ៕

To Top