ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង១នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ ៖ ក្នុងចន្លោះសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៧ និងលើកទី៣៨ កន្លងមកនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានពិនិត្យ និងសម្រេចលើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញាផងដែរ ។ នេះបើសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ នៅថ្ងៃ១៩ កុម្ភៈ ក្រោមព្រះរាជវត្តមាននៃអង្គព្រះមហាក្សត្រកម្ពុជា ។

ប៉ុន្តែទោះបីជាយ៉ាងណា សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញព្រះរាជអាជ្ញារងរូបនេះទេ ។

ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណីព្រះរាជអាជ្ញាចំនួន៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាព ស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន៤ករណី , ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន១១ករណី , ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិមួយរយៈ តែមិនត្រូវឱ្យលើសពី២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន៣ករណី , ផ្លាស់ដោយបង្ខំ១ករណី , ផ្លាស់ដោយបង្ខំតម្រូវឱ្យទទួល ការបណ្តុះបណ្តាលបន្ថែមចំនួន២ករណី , ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ១ករណី និងព្យួរពីការងារមិនឱ្យ មានបៀវត្សក្នុងរយៈពេល៦ខែ១ករណី៕

To Top