ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៤ ដោយបានលើកឡើងនូវចំណុចចំនួន ៣ លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ការប្តេជ្ញាចិត្ត ៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា រួមមាន៖
១- ត្រឹមឆ្នាំ២០២៧ កម្ពុជាប្តេជ្ញាបង្កើតឱ្យបាន នូវតំបន់សុវត្ថិភាពនៅតាមសាលារៀន ដើម្បីការពារកុមារ និង យុវជនពីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកតាមគោលការណ៍ណែនាំ ស្តីអំពីតំបន់សុវត្ថិភាពនៅតាមសាលារៀន។
២- ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាទទួលយកមកអនុវត្ត នូវឧបករណ៍គតិយុត្តស្នូលរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ថែមទៀត។
៣- ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយចំនួនអ្នករងរបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ឱ្យបានយ៉ាងហោចណាស់ ៥០%។
សូមជម្រាបថា ការធ្វើការប្តេជ្ញាចិត្តនេះគឺជា របៀបវារៈថ្មីមួយសម្រាប់សន្និសីទ ដែលរដ្ឋាភិបាលនៃប្រទេសនានា ក៏ដូចជា អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល មូលនិធិ និងក្រុមហ៊ុនឯកជន មានឱកាសធ្វើការប្តេជ្ញាចិត្តជាផ្លូវការ ដើម្បីសម្រេចបាននូវគោលដៅ នៃទសវត្សសកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។


