ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ និងទូតជប៉ុន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោង សន្តិសុខមនុស្សជាតិ

" "

ភ្នំពេញ៖ ទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំចុះហត្ថលេខា លើកិច្ចសន្យា ផ្តល់ជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) លើគម្រោងចំនួនពីរ ដល់រដ្ឋបាលរាជធានីភ្នំពេញ ។

ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គូសាណូណិ) លើគម្រោងចំនួនពីររួមមាន៖១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ៨៣.៦៧២ដុល្លាអាមេរិក។ រថយន្តនេះមានមុខងារ នឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យ មានលទ្ធភាពបាញ់ផ្សែង ចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។ ២. “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក ។ គម្រោងនេះនឹងផ្តល់ជូន នូវរថយន្តសង្រ្គោះបន្ទាន់ចំនួន ១គ្រឿង ជាប្រភេទពន្លតអគ្គិភ័យ និងរថយន្តពន្លត់ អគ្គិភ័យបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រចំនួន ០១គ្រឿង។

" "

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

" "

ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខា នាពេលនេះ គឺមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍។

ជាមួយគ្នានេះដែរ លោកអភិបាលរាជធានី បានបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថាតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនាពេលនេះ គឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕

To Top