ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ បានក្រុងពាលី បញ្ចុះបឋមសិលា កសាងខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) ដែលមានកម្ពស់ ១៥.៣០ ម៉ែត្រ ទទឹង ១១.៨០ ម៉ែត្រ ចំណាយថវិកាអស់ ២៨,៥០០ ដុល្លារ ស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត។
ពិធីនេះដោយមានការនិមន្តចូលរួម និងចូលរួមពី ព្រះចៅអធិការវត្តពោធិ៍រង្សី លោកអភិបាលរងក្រុង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ សុខ សុភា លោកនាយករដ្ឋបាលស្ដីទី លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង លោកចៅសង្កាត់ប្រាសាទ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិទាំងពីរភូមិ លោកគ្រូអាចារ្យ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍រង្សី។

ក្នុងឱកាសនោះលោកលឹម សៀងហេង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជូនដល់លោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមផងដែរ។
លោកលឹម សៀងហេង បានថ្លែងថា សមិទ្ធផលខ្លោងទ្វារ វត្តពោធិ៍រង្សី (ហៅវត្តតានយ)នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានក្រុងពាលី សាងសង់នាពេលនេះ បានបង្ហាញឱ្យឃើញពីការគិតគូរ របស់ព្រះចៅអធិការវត្ត គណៈកម្មការ និង ពុទ្ធបរិស័ទ ដែលបានរួមសាមគ្គីគ្នា ក្នុងការជួយជ្រោមជ្រែង លើកកម្ពស់ព្រះពុទ្ធសាសនា ឱ្យកាន់តែមានការរីកចម្រើនឡើង។

លោកអភិបាលក្រុងបាវិតបានគូសបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជៀសឆ្ងាយពីក្មេងទំនើង ជាពិសេសសូមឱ្យអាជ្ញាធរ បន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័ស ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរ កាន់តែមានភាពកក់ក្តៅ៕
