ព័ត៌មានជាតិ

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត

" "

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងឱកាស នៃជំនួប, លោកឯកអគ្គរដ្ឋទូត បានសម្ដែង នូវការចាប់អារម្មណ៍ខ្ពស់ ចំពោះសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក មានជាអាទិ៍ ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍរីកចម្រើនដ៏ខ្លាំងក្លា និង ការលេចត្រដែតឡើងនូវកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ។ លោកបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងសម្រេចបាននូវការរីកចម្រើន និងការអភិវឌ្ឍ កាន់តែខ្លាំងក្លាថែមទៀត ។

" "

ក្នុងទំនាក់ទំនងទ្វេភាគី, លោកអគ្គរដ្ឋទូត បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិនិងសន្តិសុខ, ទេសចរណ៍, អប់រំ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការតភ្ចាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

" "

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងការអបអរសាទរ ជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គម និយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាអ្នកជិតខាងល្អ, មិត្តជាប្រពៃណី និងយូរអង្វែង ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្ដេចបវរធិបតី ក៏បាន វាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងបានលើកទឹកចិត្តឯកឧត្តមឱ្យ សហការជិតស្និទ្ធជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា៕

To Top