ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ស្នើអនុប្រធាន ECRI ចែករំលែកចំណេះដឹង បទពិសោធន៍ ដើម្បីគាំទ្រវិស័យសុខាភិបាល

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើលោក Eric Woo អនុប្រធាន អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិកពិនិត្យលទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីចូលរួមគាំទ្រវិស័យសុខាភិបាលកម្ពុជា។

ការស្នើរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក Eric Woo ចូលជួបពិភាក្សាការងារ នាថ្ងៃ១៩ កុម្ភៈដើម្បីពិភាក្សាលើលទ្ធភាពគម្រោងចូលរួមជួយប្រព័ន្ធថែទាំសុខភាព លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពគ្លីនិក និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។

លោក Eric Woo បានជម្រាបសាស្រ្តាចារ្យរដ្ឋមន្ត្រី អំពីបទពិសោធន៍ការងាររបស់រូបលោកផ្ទាល់ ព្រមទាំងបានលើកឡើងអំពីបេសកកម្មរបស់ ECRI ដែលជាអង្គការឯករាជ្យមិនគិតប្រាក់ចំណេញ មានបេសកកម្មស្រាវជ្រាវការថែទាំសុខភាព ជួយដល់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាថែទាំសុខភាព ដើម្បីសុវត្ថិភាពអ្នកជំងឺ។ ECRI ជួយអ្នកពាក់ព័ន្ធជាច្រើន តាមរយៈការស្រាវជ្រាវដ៏រឹងមាំ ការវាយតម្លៃបច្ចេកវិទ្យា ផ្តល់ព័ត៌មានត្រឹមត្រូវ ជួយអ្នកបង្កើតគោលនយោបាយរហូតដល់អ្នកផ្តល់សេវា ក្នុងការសម្រេចចិត្ត ដែលនាំទៅរកស្តង់ដារសុវត្ថិភាព គុណភាពខ្ពស់នៃការថែទាំអ្នកជំងឺ។

សាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Eric Woo ដែលមានសុច្ឆន្ទៈ មានបំណង ក្នុងការចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបអំពីផែនការយុទ្ធសាស្ត្រសុខាភិបាល ប្រព័ន្ធសុខាភិបាល និងអាទិភាពរបស់វិស័យសុខាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ។

ដោយពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងាររបស់ លោក Eric Woo សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរជាបឋមឲ្យលោក ពិនិត្យលទ្ធភាពជួយសហការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញការស្រាវជ្រាវអំពីការអនុវត្តប្រើប្រាស់និយាមស្តង់ដារ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាពសេវាថែទាំ និងមន្ទីរពេទ្យ ឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺនៅកម្ពុជា៕

To Top