ភ្នំពេញ៖ «ការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងឥណ្ឌា ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» គឺជាខ្លឹមសារចម្បងនៃជំនួបការទូតរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ទន្ទឹមនឹងនេះ ភាគីនៃប្រទេសទាំង២ បានយល់ស្របជាមួយគ្នាថា ទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងដ៏ល្អរវាងកម្ពុជា និងឥណ្ឌាចំពោះវិស័យបរិស្ថាន ក្នុងកិច្ចគាំពារ ការការពារ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍសង្គម។

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពីការនាំចូលសត្វខ្លាពីឥណ្ឌាមកកម្ពុជា ដែលជាគម្រោងដ៏សំខាន់សម្រាប់ការអភិរក្សជីវចម្រុះ រួមនឹងការចូលរួមជាសមាជិករបស់កម្ពុជាក្នុងសម្ព័ន្ធភាពអន្តរជាតិ (International Big Cat Alliance) រួមទាំងគម្រោងអភិវឌ្ឍន៍តូចៗ ជាច្រើនទៀត ដោយក្នុងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកទឹកចិត្តឱ្យកម្ពុជាដាក់ស្នើគម្រោងឆ្លើយតបជាវិជ្ជមានចំពោះប្រជាសហគមន៍មូលដ្ឋាន ហើយឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគម្រោងទាំងនោះ។

លើសពីនេះ ភាគីទាំង២ ក៏បានពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលផ្តល់ឱកាសដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទៅសិក្សានៅប្រទេសឥណ្ឌា។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានរួមចំណែកជាមួយកម្ពុជាលើកកម្ពស់វិស័យបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមទៀតថា ព្រៃគឺជាជម្រកសំខាន់សម្រាប់សត្វខ្លា ហើយដើម្បីពង្រីកវិសាលភាពព្រៃឈើឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរត្ថម្ភ៣ចម្បង គឺភាពស្អាត ភាពបៃតង និងចីរភាព។


ភាគីទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ក្នុងការលើកកម្ពស់វិស័យបរិស្ថានដើម្បីធានាឱ្យបាននូវការរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការការពារ អភិរក្សព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការ ផ្គត់ផ្គង់ម៉ាស៊ីនខួងអណ្តូង នៅតាមលំនៅដ្ឋានរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារ ពីព្រោះថាជំនួយទាំងនេះ គឺពិតជាចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍តំបន់ការពារ៕
