ព័ត៌មានជាតិ

លោក សាយ គឹមឡម លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យចេះកៀគរមូលធន ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន!

កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានពិការភាព មានជីវភាពខ្វះខាតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ដែលឯកឧត្តតែងតែនឹករលឹក និងគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខ សុខុមាលភាព ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកបាន លើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាក្រោមត្រូវប្រើប្រាស់និងបែងចែកមូលធនដែលកៀរគរបានប្រកបដោយតម្លាភាព សច្ចភាព គណនីយភាព និងប្រើប្រាស់ចំគោលដៅហើយមិនប្រកាន់ បក្សពួកឬនិន្នាការនយោបាយឡើយ។

លើសពីនេះលោក សាយ គឹមឡម បានណែនាំ ដល់រដ្ឋបាលឃុំ ត្រូវខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានពិការភាពដើម្បីជួយផ្គត់ផ្គង់ទំនុកបម្រុងលើជីវភាពក៏ដូចជាសេវាទូទៅក្នុងការផ្ដល់ជូនពួកគាត់ឱ្យបានជាអាទិភាព។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦គ្រួសារក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ១បេ ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ថវិកា៣ម៉ឺនរៀល ដោយឡែកបងស្រីដែលមានពិការភាពភ្នែកទទួលបានទឹកប្រាក់២០ម៉ឺនរៀល និងបងស្រីដែលមានពិការបញ្ញាស្មារតីទទួលបានទឹកប្រាក់១០ម៉ឺនរៀលផងដែរ៕

ដោយ៖ សំនៀង

To Top