ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានត្រួសត្រាយផ្លូវ ឆ្ពោះទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកលេខ២ មុននឹងឈានដល់ការស្ថាបនាផ្លូវបេតុងប្រវែង ១២គីឡូម៉ែត្រ !

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២៥បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានត្រួសត្រាយផ្លូវចាប់ពីចំនុចផ្លូវបំបែកទំនប់ទី៣ចូលទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មុននឹងឈានទៅដល់ការស្ថាបនាផ្លូវបេតុងដែលមានប្រវែង ១២គីឡូម៉ែត្រនាពេលខាងមុខនេះ។

នាឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ក៍បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់ក្រុមហ៊ុនសាងសង់រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញបរិស្ថាន និង អាជ្ញាធរមូលដ្ឋានត្រូវចូលរួមទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសធនធានធម្មជាតិ ដូចជាការរុករានកាប់ឆ្ការព្រៃឈើខុសច្បាប់ ការដុតបំផ្លាញព្រៃឈើ ដែលបង្កអោយឆេះរាលដាលជាដើម។ល។

លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តក៍បានបន្តថា ដើម្បីអនុវត្តនូវកិច្ចការនេះអោយបាន យើងត្រូវដាក់គោលដៅត្រូតពិនិត្យនូវរាល់ការចេញចូលដោយគ្មានការអនុញ្ញាតិក្នុងគោលបំណងតែមួយគត់គឺកុំអោយមានជនឆ្លៀតឱកាសចូលទៅកាប់ឆ្ការ រុករានទន្រ្ទានយកដីព្រៃដើម្បីធ្វើជាកម្មសិទ្ធ និងធ្វើសកម្មភាពផ្សេងៗនៅក្នុងតំបន់ទំនប់ទី២នេះ។ ជាមួយគ្នានោះ លោកអភិបាលខេត្តក៍សង្ឃឹមនិងជឿជាក់ថា ក្រុមហ៊ុន ក៍ដូចជាអាជ្ញាធរមូលដ្ឋាន និង កម្លាំងមានសមត្ថកិច្ចទាំងអស់ ពិតជាចូលរួមអនុវត្តន៍នូវកិច្ចការងារនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

To Top