ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីគ្រូពេទ្យរូបណារើសអើង ពេលប្រើបណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ បសស

" "

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីគ្រូពេទ្យរូបណាមិនយកចិត្តទុកដាក់ ឬរើសអើង នៅពេលប្រើបណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) ។

ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

" "

សម្តេចបវរធិបតី ណែនាំដល់ក្រសួងសុខាភិបាល ត្រូវធានាថាពលរដ្ឋគ្រប់រូប រួមទាំងពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និង បណ្ណ ប.ស.ស. ទទួលបានទាន់ពេល នូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការ ថ្នាំងថ្នាក់ ដែលអាចផ្តល់ កម្មវិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋភិបាល ក្នុងដំណើរឆ្ពោះទៅការគ្រប ដណ្តប់សុខភាព ជាសកលនៅកម្ពុជា។

" "

ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីដែលគ្រូពេទ្យរូបណាដែល មិនយកចិត្តទុកដាក់ នៅពេលប្រើប្រាស់បណ្ណណាមួយខាងលើ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល»។

លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹក ដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ជាពិសេសប្រជាពលរដ្ឋណា មានបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) ឬបណ្ណសមធម៌។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «កុំឱ្យមានរឿងថា អ្នកកាត់ ប ស ស ទៅគេអត់យកចិត្តទុកដាក់ ត្រូវធ្វើយ៉ាងម៉េចកុំឱ្យមានការរើសអើងឱ្យសោះ ពេទ្យរដ្ឋយើងដាច់ខាតត្រូវធានា ហើយដៃគូរក៏ត្រូវអនុតាមអភិក្រម។ តែមិនត្រូវរើសអើងអ្នកទៅបង់លុយ អ្នកកាន់ ប ស ស ឬបណ្ណសមធម៌ ត្រូវគិតគូរប្រជាពលរដ្ឋម្នាក់ៗជាមនុស្សមួយរូប ត្រូវការព្យាបាលដូចគ្នា»៕

To Top