ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំ គោលនយោបាយ ដែលបានដាក់មានរយៈពេលវែង និងបន្តអនុវត្ត ដោយមានភាពច្បាស់លាស់ ជាមួយផែនទីបង្ហាញផ្លូវ និងយន្តការអនុវត្តច្បាស់លាស់ ។
ថ្លែងនៅក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវភាពជឿជាក់ថា រាជរដ្ឋាភិបាល ដែលកើតចេញពីគណប្រជាជនកម្ពុជា និងត្រូវបន្តដឹកនាំ ក្នុងរយៈពេលវែងតទៅទៀត ដោយសារតែ គណបក្សប្រជាជនកម្ពុជា បានធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ ។
ជុំវិញការលើកឡើង ពាក់ព័ន្ធនឹងគណបក្សនេះ ត្រូវបានសម្តេចធិបតី គូសបញ្ជាក់ថា ដោយសារតែរដ្ឋាភិបាល នៅបណ្តាប្រទេសនានា ក៏សុទ្ធតែដឹកនាំដោយគណបក្សនីមួយៗ ដដែលទទួលជ័យជំនះលើការបោះឆ្នោត ខណៈដែលរដ្ឋាភិបាល ដឹកនាំអនុវត្តគោលនយោបាយ របស់គណបក្សបានដាក់ចេញ និងបានសន្យាជាមួយប្រជាពលរដ្ឋ មុនការបោះឆ្នោត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដរាបណាគណបក្ស ប្រជាជននៅបន្តដឹកនាំ គោលនយោបាយដែលយើងដាក់មានរយៈពេលវែងនេះ និងបន្តអនុវត្ត ហើយមានភាពច្បាស់លាស់ មានផែនទីបង្ហាញផ្លូវច្បាស់លាស់ មានយន្តការអនុវត្តច្បាស់លាស់ និងមិនមានអស្ថេរភាព ឬមួយក៏ការផ្លាស់ប្តូរ លុបចោលទទឹងទិស មិនអាចអនុវត្តនោះទេ” ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ជឿទុកចិត្ត ទៅលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន ដែលនឹងបន្តជំរុញនូវកម្មវិធីគាំពារសង្គម ដើម្បីបន្តពង្រឹងការជួយប្រជាពលដ្ឋតទៅទៀត៕
