ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា អាទិភាពគោល នយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។

នាឱកាសអញ្ជើញជាអធិបតីពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស»។

សម្តេចបវរធិបតី បន្ដថា ជាក់ស្ដែង, កម្ពុជា បាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ ៦ភាគរយ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវ កំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។

សម្តេចបវរធិបតី បន្ថែមថា ផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកប្រកបដោយសមធម៌ តាមរយៈការ វិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសមធម៌, ភាពសុខដុម និងជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង, ពីប្រមាណ ៣១០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០០, រហូតដល់ប្រមាណ ២,៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រា នៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
សម្តេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ជារួមផ្លែផ្កានៃកំណើនសេដ្ឋកិច្ច, សុខសន្តិភាពពេញបរិបូរណ៍, និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារ កែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវ លទ្ធផលគួរជាទីមោទនៈ៕
