ភ្នំពេញ ៖ ទស្សនកិច្ចរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្នុងវិស័យមហាផ្ទៃ បានបន្តបោះជំហាន ប្រកបដោយវឌ្ឍនភាព ជូនរាជរដ្ឋាភិបាល និងប្រជាជន ទាំងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យរដ្ឋមន្ដ្រីមហាផ្ទៃ។

បើតាមលោក រ៉េន រតនៈ ក្នុងជំនួបចង្អៀត និងកិច្ចប្រជុំទ្វេភាគី លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក អំពីបទពិសោធនិងលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៤ ព្រមទាំងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥។
លោក រ៉េន រតនៈ បានឱ្យដឹងថា ប្រធានបទសំខាន់ៗនៃជំនួបទាំងពីរកម្រិត មានជាអាទិ៍ ការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំង សភាពការណ៍តំបន់ និងពិភពលោក ដោយភាគីទាំងពីរបង្ហាញ ការពេញចិត្តចំពោះលទ្ធផលសម្រេចបាន ក្នុងស្ថានភាពពិភពលោក មានការប្រឈមបញ្ហាស្មុគស្មាញ ទាំងបទល្មើសមិនប្រពៃណី ដូចជា៖ អំពើឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស រួមទាំងបញ្ហា សង្គ្រាមប្រដាប់អាវុធ និងការប្រជែងភូមិសាស្រ្តនយោបាយ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានគ្នាប្រកបដោយភាតរភាព លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលបើតាមលោក រ៉េន រតនៈ រួមមាន៖ ទី១. កិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ ទី២. កិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបឧក្រិដ្ឋកម្ម រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ទី៣. កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូបំពេញទស្សនកិច្ចការងារ និងព្យាបាលជំងឺ ទី៤. កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងបំពាក់បំប៉នមន្រ្តី និងទី៥. កិច្ចសហប្រតិបត្តិការវិស័យភស្តុភារ និងសម្ភារៈបច្ចេកទេស។

បញ្ចប់របៀបវារៈការងារទ្វេភគីជាមួយក្រសួងនគរបាលវៀតណាម លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបសម្ដែងការគួសមជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
បើតាមលោក រ៉េន រតនៈ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បង្ហាញអំណរសាទរចំពោះទំនាក់ទំនងដ៏ល្អ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលបានឯកភាពពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតីភាពជា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ជាពិសេសគឺស្មារតីនៃប្រវត្តិសាស្រ្តជាតិ ដែលប្រទេសទាំងពីរធ្លាប់ជួយគ្នាទៅវិញទៅមក គឺកម្ពុជា បានជួយវៀតណាម បង្រួបបង្រួមទឹកដី ហើយវៀតណាម ក៏បានជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី វៀតណាម ផាម មិញជិញ បានបង្ហាញការអបអរសាទរ និងគាំទ្រខ្ពស់ ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងនគរបាលវៀតណាម ជាពិសេសការឈាន ទៅចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៥ ដោយបានបង្ហាញ ការជឿជាក់ជាថ្មីទៀតថា ស្ថាប័នទាំងពីរ នឹងបន្តកិច្ចសហប្រត្តិការល្អ ជាមួយគ្នា ដើម្បីនាំមកនូវវិបុលភាព ជូនរដ្ឋាភិបាល និងប្រជាជនទាំងសងខាង។ នេះបើតាមការឱ្យដឹងបន្ថែមពីអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ដដែល៕
