ព័ត៌មានជាតិ

កម្មករនិយោជិតរោងចក្រ ហ្វ័រម៉ាត ទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ យ៉ាងលឿនរហ័ស ក្រោមកិច្ចសហការ យ៉ាងជិតស្និទ រវាងក្រសួងការងារ និងភាគីរោងចក្រ

ភ្នំពេញ៖ កម្មករនិយោជិត សរុបចំនួន ៤៤១ នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ អត្ថប្រយោជន៍ផ្សេងៗ រួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី។

ក្រុមកម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ថ្ងៃនេះពួកគាត់ពិតជាសប្បាយចិត្តជាខ្លាំង ដែលខាងក្រសួងការងារ និងខាងរោងចក្រ រៀបចំសម្របសម្រួលឱ្យពួកគាត់បានបើកប្រាក់ឈ្នួល។ ក្រុមកម្មករនិយោជិតបានលើកឡើងថា ការដំណើរការបើកប្រាក់ឈ្នួលនៅថ្ងៃនេះ ពិតជាលឿន ឆាប់រហ័ស  និងប្រកបដោយភាពត្រឹមត្រូវ។ 

ក្រុមកម្មករនិយោជិតទាំងអស់ ក៏បានលើកឡើងបន្ថែមទៀតថា កន្លងមកនេះក្រសួងការងារបានជួយពួកគាត់ច្រើនណាស់ ដូចជាការរកកន្លែងការងារថ្មី បន្តផ្ដល់ជូនអត្ថប្រយោជន៍ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺតែងតែជួបសំណេះសំណាល ខ្វាយខ្វល់ពីសុខទុក្ខ របស់កម្មករនិយោជិត បន្ទាប់ពីរោងចក្រត្រូវ បានរងហានិភ័យ ដោយអគ្គិភ័យឆាបឆេះ ផងដែរ ។

ទន្ទឹមនេះ ពួកគាត់គឺពិត ជាអរគុណជាខ្លាំង ចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំបំពេញ ការងាររហូតដល់កម្មករ អាចមកបើកប្រាក់ឈ្នួល និងយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់បងប្អូនកម្មករនិយោជិតទាំងអស់ តាំងពីថ្ងៃកើតហេតុ រហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យ នៅថ្ងៃនេះ ។

ជាមួយគ្នានេះ លោកស្រី អាន់ នីកា ប្រធានរដ្ឋបាល នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ក្នុងនាមលោកស្រី ជាតំណាងភាគីរោងចក្រ និងកម្មករនិយោជិតទាំងអស់ លោកស្រីពិតជាមានក្ដីសោមនស្សរីករាយណាស់ ពេលលោកស្រីឃើញកម្មករនិយោជិតទាំងអស់ បានទទួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ យ៉ាងលឿនរហ័ស ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកបដោយភាពរលូន និងស្របតាមច្បាប់ត្រឹមត្រូវ ។ លោកស្រីបញ្ជាក់ទៀតថា ក្នុងនាមរោងចក្រ និងតំណាងកម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត ទាំងអស់ពិតជាអរគុណជាខ្លាំងដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងការងារ ដែលបានសហការយ៉ាងយកចិត្តទុកដាក់ បានយ៉ាងល្អប្រសើរ   ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

ទន្ទឹមនេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវឱ្យកម្មករនិយោជិត ទាំងអស់ បន្តស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារ ចល័តនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA ) របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសូមជឿទុកចិត្តមកលើ ដំណោះស្រាយរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលតែងតែខិតខំដោះស្រាយរាល់ បញ្ហាប្រឈមនានា ជូនបងប្អូនកម្មករនិយោជិតទាំងអស់ ប្រកបដោយតម្លាភាព លឿនរហ័ស និងទាន់ពេលវេលា ៕

To Top