ព័ត៌មានជាតិ

ក្រុមហ៊ុន SpaceX – Starlink របស់មហាសេដ្ឋី Elon Musk កំពុងដាក់កម្ពុជា ជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគនៅឆ្នាំ២០២៥

ភ្នំពេញ៖ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink របស់មហាសេដ្ឋី Elon Musk បា​នគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគនៅឆ្នាំ២០២៥ ។

ការបញ្ជាក់របស់នាយិកាទីផ្សារក្រុមហ៊ុន ក្រុមហ៊ុន SpaceX – Starlink ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅវិមានសន្ដិភាព។

ក្នុងឱកាសនោះ លោកស្រី Rebecca Hunter បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់ សម្រាប់ការវិនិយោគ របស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥ ។

ជាមួយគ្នានេះ លោកស្រីនាយិកាទីផ្សារ ក៏បាន​គោរពជម្រាប ជូនសម្តេចធិបតីថា គណៈប្រតិភូរបស់លោកស្រី​ក៏នឹងមានជំនួបពិភាក្សាការងារ​ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះផងដែរ។

ជាការឆ្លើយតប សម្ដេចធីបតី បានសម្ដែងនូវការស្វាគមន៍ និង​ ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ អំពីការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ វិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា៕

To Top