ព័ត៌មានជាតិ

ក្រសួងអប់រំ អំពាវនាវ ឱ្យជួយឧបត្ថម្ភ សម្រាប់ជារង្វាន់ និងលើកទឹកចិត្តបន្ថែម ដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ឱ្យជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែម ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ក្នុងគោលបំណងលើកកម្ពស់ គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ។

តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និង ជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជា កសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡង ជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ។

នៅឆ្នាំនេះការប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ពិធីបើកការប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និង រង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤រសៀល នៅវិទ្យាល័យ ជា ស៊ឹម សន្ធរម៉ុក រាជធានីភ្នំពេញ។

ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «សូមធ្វើការអំពាវនាវចំពោះ សប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែម ដល់ជ័យលាភីសិស្សពូកែ ទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់ ។ សប្បុរសជន នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែង អំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡា»

To Top