ភ្នំពេញ ៖ ពលករខ្មែរ ដែលត្រៀមចេញដំណើរ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានសម្ដែង ការព្រួយបារម្ភថា អាចនឹងមានការប៉ះពាល់លើការងារ របស់ខ្លួន បើសិនជាមានបាតុកម្ម ដែលរៀបចំពីសំណាក់ក្រុមអ្នក នយោបាយប្រឆាំងជារឿយៗ នៅក្នុងប្រទេសទទួលយកពលករកម្ពុជា ទៅធ្វើការ។ ទន្ទឹមនឹងនេះ ពួកគេបានអំពាវនាវ ឱ្យពលរដ្ឋខ្មែរ និងពលករខ្មែរនៅបរទេសទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្ម ពោរពេញដោយកំហឹង។

លោកស្រី គួន សូលីដា ជាពលករខ្មែរ ដែលត្រៀមហោះហើរ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានសំដែងការព្រួយបារម្ភលើការងារ របស់ខ្លួននៅពេលដែលតែងតែទទួលដំណឹង ពីការបង្កឱ្យមានការធ្វើបាតុកម្មនៅលើទឹកដីទី២ ពីសំណាក់ក្រុមអ្នកនយោបាយ ជាក់ស្តែងនៅសាធារណរដ្ឋកូរ៉េ ។ វាអាចនឹងជះឥទ្ធិពលលើការងារ ពីព្រោះកាលណាយើង ជាជនបរទេសហើយតែង តែបង្កឱ្យមានចលាចល នៅក្នុងសង្គមរបស់គេ នោះចង់ឬមិនចង់ថៅកែក្រុមហ៊ុន ដែលជាអ្នកគ្រប់គ្រងពលករខ្មែរ នឹងមានការឈឺក្បាល និងទទួលរងផលប៉ះពាល់ ដល់ផលិតភាពការងាររបស់គេ។
ពលករខ្មែររូបនេះបន្ថែមថា សម្រាប់ការបំផុសឱ្យមានការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុតនេះផងដែរ គឺជាការព្រួយបារម្ភថ្មីមួយទៀត។ សម្រាប់លោកស្រីពុំចង់ឃើញការ ចលាចលណាមួយ ដែលធ្វើឡើងពីសំណាក់បងប្អូនពលករខ្មែរ ក្រោមរូបភាពចាញ់កលល្បិច ពីសំណាក់អ្នកនយោបាយ នៅក្រៅប្រទេសនោះទេ ពីព្រោះវាអាចប៉ះពាល់ ដល់ការងាររបស់បងប្អូនពលករ និងបង្ហាញរូបភាពមិនល្អ ទាល់តែសោះលើទឹកដីបរទេស ដែលជាប្រទេសទី២។
ដោយឡែក លោក ហុន សុភាព ជាពលករខ្មែរដែលត្រៀមហោះហើរ ទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀតមើលឃើញថា ការញុះញង់ធ្វើបាតុកម្ម ជាច្រើនលើកច្រើនសារ ពិតណាស់ បានជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ។ ពលករខ្មែររូបនេះថា វាបានជះឥទ្ធិពលទី១ លើពលករដែលកំពុង ធ្វើការនៅប្រទេសកូរ៉េស្រាប់ និង ទី២ ប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរ ជំនាន់ក្រោយដែលចង់ទៅធ្វើការនៅបរទេស វាអាចត្រូវបានរដ្ឋាភិបាលបរទេស កាត់ផ្តាច់ការទទួលពលករខ្មែរជាដើម ។
ពាក់ព័ន្ធនឹងបញ្ហាកោះគុត ក្នុងនាមជាពលករខ្មែរ ដែលធ្វើការនៅប្រទេសកូរ៉េ សូមអំពាវនាវឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់រក្សាភាពស្ងៀមស្ងាត់ ជឿទុកចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយ ដោយសន្តិវិធីជាមួយភាគីថៃ ។ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រន់ក្នុងការដោះស្រាយ ដោយឡែកការធ្វើបាតុកម្ម ក្រោមការបំផុសបំផុល ពីសំណាក់ក្រុមប្រឆាំង មិនត្រឹមតែមិនបានការនោះទេ តែថែមទាំងបង្កឱ្យមានជម្លោះការទូត រវាងប្រទេសជាមិត្តផងដែរ។
ទន្ទឹមនឹងនេះ បងប្អូនពលករខ្មែរ ដែលទើបតែប្រឡងជាប់ ត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េ នៅពេលនេះ អំពាវនាវឱ្យបងប្អូនខ្មែរ នៅប្រទេសកូរ៉េ ខិតខំធ្វើការ សន្សំថវិកា ដើម្បីផ្គត់ផ្គង់គ្រួសារ ដែលបានខិតខំពុះពារ ដើម្បីមានលទ្ធភាព ក្នុងការបញ្ជូនបងប្អូនទៅធ្វើការ នៅបរទេស។ ដូច្នេះហើយទំនួលខុសត្រូវដ៏ធំបំផុតនោះគឺការផ្គត់ផ្គង់គ្រួសារ មិនមែនចូលរួមសកម្មភាព បង្កចលាចលនៅលើប្រទេសទាំង២នោះទេ ៕
