ព័ត៌មានជាតិ

កម្ពុជា ត្រៀមស្វាគមន៍ អ្នកទស្សនាជាង៣ម៉ឺននាក់ សម្រាប់ការប្រកួតបាល់ទាត់មិត្តភាព កម្ពុជា-ថៃ អបអរខួប៧៥ នៃទំនាក់ទំនងការទូត

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ថៃ នឹងមានអ្នកចូលរួមទស្សនាដោយផ្ទាល់ ប្រមាណ៣ម៉ឺននាក់ ខណៈមានពីរប្រកួតរវាងក្រុមបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នឹងត្រូវប្រារព្ធឡេីងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា មានការជួបប្រជុំ ៣លើកមកហើយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំងសំរាប់អ្នកចូលរួមទស្សនាជាដើម។

ក្នុងនោះលោក សុខ ពេញវុធ បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ ប្រមាណ៣ម៉ឺននាក់ ដោយមានទាំងអ្នកដែលចាត់តាំងឱ្យទៅចូលរួមទស្សនា និងដែលអ្នកចូលទៅទស្សនាដោយសេរី ក្រោមការសម្របសម្រួលពីក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ។ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់។ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នឹងមានការអញ្ជេីញចូលរួម ជាអធិបតី ដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ថៃ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ រៀបចំឡើង ដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះគឺក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

To Top