ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈអង្គការដៃគូ សហការជាមួយអង្គភាពស៊ីម៉ាក់ បានសម្រេចផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រា នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC។

យោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានជូនដំណឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក) អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយ ពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូ សហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការ បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់។

លោក ហេង រតនា ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវ ដល់រដ្ឋាភិបាលអាមេរិក។
លោកបន្ថែមថា ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែង ស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែង ចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕


